
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើង ៥ភាគរយ នៅឆ្នាំនេះ បន្ទាប់ពីមាន «ភាពខ្លាំង» នៅត្រីមាសទី១ ដោយបានដំឡើងលើសការព្យាករណ៍ពីមុនរបស់ខ្លួន ៤,៦ភាគរយ ទោះបីជាខ្លួនរំពឹងថា នឹងមានកំណើនយឺតៗនៅប៉ុន្មានឆ្នាំខាងមុខក៏ដោយ។
IMF បាននិយាយថា ខ្លួនបានកែសម្រួលការប៉ានស្មានទុកមុនរបស់ខ្លួន ចំពោះ GDP (ផលិតផលក្នុងស្រុកសរុប) ទាំងក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ត្រឹម ០,៤ភាគរយ ប៉ុន្តែបានព្រមានថា កំណើននៅក្នុងប្រទេសចិន នឹងធ្លាក់ចុះមក ៣,៣ភាគរយ នៅឆ្នាំ២០២៩ ដោយសារតែចំនួនប្រជាជនវ័យចំណាស់ និងការពង្រីកផលិតភាពយឺតៗ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ចប់ការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន អំពីសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក សម្រាប់ឆ្នាំ២០២៤ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកមួយនេះ បានលើកឡើងថា៖ «កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានព្យាករថា នឹងនៅតែមានភាពរឹងមាំ នៅកម្រិត ៥ភាគរយ ក្នុងឆ្នាំ២០២៤ និងធ្លាក់ដល់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២៥»។ ស្ថាប័ននេះ បានបន្ថែមថា «ទិន្នន័យ GDP ដ៏រឹងមាំ នៅត្រីមាសទី១ និងវិធានការគោលនយោបាយថ្មីៗ» ជំរុញឲ្យមានភាពល្អប្រសើរឡើង។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុក ៥,៣ភាគរយ បើធៀបនឹងឆ្នាំមុន នៅត្រីមាសទី១ ដែលលើសយ៉ាងច្រើនពីការព្យាករណ៍របស់អ្នកវិភាគ សម្រាប់កំណើន ៤,៦ភាគរយ នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters និងកើនឡើងពីការកម្រិត ៥,២ភាគរយកាលពីត្រីមាសមុន។
សន្ទស្សន៍សេដ្ឋកិច្ចថ្មីៗជាបន្តបន្ទាប់ សម្រាប់ខែមេសា ដែលរួមបញ្ចូលទិន្នផលរោងចក្រ ពាណិជ្ជកម្ម និងតម្លៃទំនិញប្រើប្រាស់ ដែលបង្ហាញពីសេដ្ឋកិច្ច ១៨,៦សែនកោដិលានដុល្លារ បានជួយទប់ទល់ដោយជោគជ័យនូវហានិភ័យនៃការធ្លាក់ចុះរយៈពេលខ្លី ប៉ុន្តែអ្នកសង្កេតការណ៍ចិននិយាយថា ភាពមិនច្បាស់លាស់នៅតែមានដដែលថា តើការស្ទុះងើបឡើងវិញមាននិរន្តរភាព ឬយ៉ាងណា៕