
ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីមិនមានគម្រោងចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែននោះទេ។
កងកម្លាំងរុស្ស៊ី បានកាន់កាប់រោងចក្រ Zaporizhzhia តាំងពីដើមឆ្នាំមកម្ល៉េះ ដែលរុស្ស៊ីហៅថា ជាប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន ហើយម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦ របស់ខ្លួនមិនដំណើរការទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បាននិយាយថា លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Rosatom នៅទីក្រុង Kaliningrad ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលលោកបាននិយាយថា ការយោគយល់មួយ ត្រូវបានឈានដល់សុវត្ថិភាពរបស់រោងចក្រ។
សារព័ត៌មាននេះ បានឲ្យដឹងទៀតថា ប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាពរបស់រោងចក្រនេះ ហើយថា ការបើកដំណើរការវាឡើងវិញនាពេលនេះ មិនមែនជារបៀបវារៈនោះទេ។
ក្រុមបរិស្ថាន Greenpeace ដោយដកស្រង់ឯកសារដែលខ្លួនបាននិយាយថា ត្រូវបានដាក់ជូនដោយ ក្រុមហ៊ុន Rosatom ទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅពាក់កណ្តាលខែឧសភា បាននិយាយថា ប្រទេសរុស្ស៊ី កំពុងមានគម្រោងចាប់ផ្តើមរោងចក្រឡើងវិញ ហើយថា នេះអាចមានបញ្ហាជាមួយនឹង «ការកើនឡើងភាពតានតឹងដែលមិនធ្លាប់មានពីមុនមក»។