ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ដែលជាកម្មករ កម្មការិនី និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួលសេវាកម្មកាត់សក់ដោយមិនគិតថ្លៃពីសមាគមមិត្តយើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានគូសបញ្ជាក់ថា ការបង្កើតកម្មវិធីកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យនេះ ពិតជាមានសារៈសំខាន់ ព្រោះអាចជួយកាត់បន្ថយការចំណាយរបស់ប្រជាពលពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជា ការបង្ហាញអំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនោះ ប្រជាពលរដ្ឋ កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ ដែលបានចូលរួមទទួលសេវាកាត់សក់ដោយឥតថ្លៃនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ដែលរាជរដ្ឋាភិបាល បានបង្កើតកម្មវិធីនេះឡើង ដោយអ្នកចូលរួមទាំងនោះ ក៏ចង់ឲ្យមានកម្មវិធីនេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ សមាគមមិត្តយើងនឹងមានកម្មវិធីថ្មីមួយទៀតគឺ «កម្មវិធីកាត់សក់ចល័ត» ក្រោមកិច្ចសហប្រតិបត្តិការជាមួយបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) ដោយកាត់សក់ឥតគិតថ្លៃជូនកម្មករ កម្មការិនី តាមបណ្ដារោងចក្រសហគ្រាស និងអ្នកក្រៅប្រព័ន្ធ។ កម្មវិធីកាត់សក់ និងសម្រស់ ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់សមាគមមិត្តយើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញកាត់សក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ៕








