
មេបញ្ជាការប្រចាំនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក គឺលោកឧត្តមនាវីឯក Samuel Paparo ដែលត្រូវបានតែងតាំងក្នុងខែនេះ បានបំពេញទស្សនកិច្ច នៅទីក្រុងតូក្យូ នាថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងរដ្ឋមន្ត្រីការពារជាតិ លោក Minor Kihara ហើយអំឡុងពេលនោះ លោកបានលើកសរសើរពីភាពរឹងមាំនៃសម្ព័ន្ធភាព រវាងប្រទេសទាំង២។
នៅឯកិច្ចប្រជុំរបស់ពួកគេ លោក Kishida បានអបអរសាទរដល់លោកឧត្តមនាវីឯក Paparo សម្រាប់ការទទួលបានតំណែងរបស់លោក ហើយបាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាដៃគូសកលដែលគាំទ្រ និងជំរុញឲ្យមានសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ។
អំឡុងពេលជួបជាមួយលោក Kihara លោក Paparo ក៏បាននិយាយដល់ការបាញ់បង្ហោះផ្កាយរណបមិនជោគជ័យរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ (ទី២៧ ខែឧសភា) ដោយបានហៅការបាញ់បង្ហោះនេះថា ជា «បញ្ហាប្រឈមដ៏សំខាន់» ប៉ុន្តែនៅទីបំផុត «គ្មានការគំរាមកំហែងទេ»។ អ្នកទាំង២ បានព្រមព្រៀងគ្នាក្នុងការពង្រឹងការរារាំង និងសមត្ថភាពឆ្លើយតបនៃសម្ព័ន្ធភាពទ្វេភាគីរបស់ពួកគេ ដើម្បីជួយធានាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ៕