ភ្នំពេញ៖ អាល្លឺម៉ង់ប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ចំនួនប្រមាណ ៧លានអឺរ៉ូ ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ–១៩ និងវិធានការស្តារសេដ្ឋកិច្ចឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម សៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចពិគ្រោះយោបល់កម្រិតនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ កាលថ្ងៃទី៣០ ខែ កញ្ញា កន្លងទៅនេះ, កិច្ចប្រជុំបានលើកឡើងពីបរិបទនៃការរីករាលដាលនៃជំងឺកូវីដ–១៩ នៅទូទាំងសកលលោក, និងកិច្ចពិគ្រោះយោបល់នាឆ្នាំនេះ ដែលត្រូវបានដំណើរការតាមប្រក្រតីកម្មថ្មី ក្នុងនោះ កិច្ចពិគ្រោះយោបល់កម្រិតនយោបាយនេះ គឺជាយន្តការពិគ្រោះយោបល់ដំណាក់កាលបញ្ចប់ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២០ ។
ក្រៅពីនេះ, ភាគីទាំងពីរបានពិភាក្សាលើទិដ្ឋភាពសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ដោយផ្តោតលើប្រធានបទចំនួន ៣ រួមមាន៖ ផលប៉ះពាល់នៃជំងឺកូវីដ–១៩ លើសង្គមសេដ្ឋកិច្ច និងវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល, លំហរនយោបាយ សិទ្ធិពលរដ្ឋ និងការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព។
ជុំវិញបញ្ហាមួយចំនួននេះដែរ ភាគីអាល្លឺម៉ង់ បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ចំនួនប្រមាណ ៧ លានអឺរ៉ូ ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ–១៩ និងវិធានការស្តារសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើការផ្តល់ហិរញ្ញប្បទានចំនួន ២,៥ លានអឺរ៉ូ ដែលបានអនុវត្តកាលពីខែ មីនា និងខែ មិថុនា ឆ្នាំ២០២០កន្លងទៅ ។
ពាក់ព័ន្ធគោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះដែរ ក៏បានពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង, កម្មវិធីដែលផ្តល់ហិរញ្ញប្បទានដោយភាគីអាល្លឺម៉ង់ និងសំណើគម្រោងថ្មីចំនួន ៦ គម្រោង ក្នុងទំហំហិរញ្ញប្បទានប្រមាណ ៣០ លានដុល្លារ ដែលស្នើដោយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅភាគីអាល្លឺម៉ង់ ដើម្បីពិនិត្យ និងអនុម័តក្នុងកិច្ចចរចាទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០២១ ខាងមុខ ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលចំនួន ១០។
ចំណែកឯភាគីអាល្លឺម៉ង់ដឹកនាំដោយលោក Klaus Supp នាយកទទួលបន្ទុកកិច្ចការតំបន់សម្រាប់ប្រទេសចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) ធ្វើឡើងតាមប្រព័ន្ធ (Video Conference) និងមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម Cristian Bargar ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
