ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន២៦នាក់ ត្រូវបានកងកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេបានជេរប្រមាថ និងប្រើប្រាស់គ្រឿងស្រវឹងខ្លាំង ក្នុងអំឡុងពេលអនុវត្តបម្រាមគោចររយៈពេល១០មកនេះ ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៩ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី៨ ខែសីហានេះ គឺមានរយៈពេល៩យប់មកហើយ ដែលកងកម្លាំងនគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបម្រាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបំប្លែងថ្មី delta ហើយអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំងដោយធ្វើការឃាត់ខ្លួនមនុស្សរាប់ពាន់នាក់ និងយានយន្តចំនួន១៦៩២គ្រឿង ដោយក្នុងនោះបានធ្វើការពិន័យរួចរាល់ចំនួន៤១៦គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុកនៅតាមបណ្តាខណ្ឌនីមួយៗដែលបានរឹតបន្តឹងនោះ។
លោកវរៈសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា« ការដែលយើងឃាត់ពួកគាត់ និងបញ្ជួនទៅកាន់តុលាការរាជធានីភ្នំពេញនោះ ដោយសារតែពួកគាត់បានជេរប្រមាថ និងប្រើប្រាស់គ្រឿងស្រវឹងខ្លាំងបំពានទៅហ្នឹងបម្រាមគោរចររបស់អាជ្ញាធរ ខណៈដែលពួកយើងកំពុងអនុវត្តវិធានការក្តៅដែលធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទdeltaនេះតែម្តងនោះ»។
ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺដើម្បីសេចក្តីសុខរបស់បងប្អូនទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការរឹតត្បិតសិទ្ធិសេរីភាពរបស់បងប្អូននោះទេ។
លោកក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និងជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយរបស់ពួកគាត់ ដើម្បីតែសុខុមាលភាព និងអាយុជីវិតរបស់បងប្អូនទាំងអស់គ្នាឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៨ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធបានអនុវត្តបម្រាមគោចរនៅទូទាំងប្រទេស ដោយបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៩៣៤នាក់ បញ្ជូនទៅកាន់តុលាការម្នាក់ ឃាត់យានយន្តបានចំនួន១១០១គ្រឿង ខណៈពិន័យបានជាលុយជិត៤០លានរៀលនោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩(គ.អ.ក.) នាព្រឹកថ្ងៃទី៩ ខែសីហានេះ៕
អត្ថបទ បាន ចក់