
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលបារាំង-អាល្លឺម៉ង់ នៅជិតទីក្រុងប៊ែរឡាំង កាលពីថ្ងៃអង្គារថា អាល្លឺម៉ង់ និងបារាំង ចង់ឲ្យប្រទេសឧស្សាហកម្មលោកខាងលិចធំៗ ផ្តល់ជំនួយរាប់ពាន់លានបន្ថែមទៀតសម្រាប់អ៊ុយក្រែន។
លោក បាននិយាយនៅឯវិមាន Meseberg Palace ថា លទ្ធភាពនៃការប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិដែលបង្កករបស់ធនាគារកណ្តាលរុស្ស៊ី កំពុងត្រូវបានពិនិត្យ។
លោក សូល បាននិយាយថា៖«យើងចង់ផ្តល់ឲ្យអ៊ុយក្រែននូវលទ្ធភាពទទួលបានមូលនិធិបន្ថែមរាប់ពាន់លានដុល្លារ ដើម្បីឲ្យប្រទេសនេះអាចផ្តល់ភាពជឿជាក់លើវិស័យការពារជាតិរបស់ខ្លួន ហើយដូច្នេះបានបង្កើនបន្ថែមទៀតនូវសន្តិសុខនៃទ្វីបអឺរ៉ុបទាំងមូល» ដោយបន្ថែមថា គោលបំណង គឺដើម្បីប្រមូលផ្តុំ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស G7 និងសហភាពអឺរ៉ុប។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្តាប្រទេសលោកខាងលិចធំៗទាំង៧ (G7) បានពិភាក្សាអំពីវិធីប្រើប្រាស់ការប្រាក់ នៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍មុន ទោះបីជាពួកគេ មិនយល់ព្រមក៏ដោយ។