
អ្នកជំនាញផ្នែកអភិវឌ្ឍន៍ដ៏យូររបស់អង្គការសហប្រជាជាតិ ដែលធ្លាប់ធ្វើជាជំនួយការរបស់អតីតប្រធានាធិបតី Bill Clinton បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅប្រទេសហៃទីក្នុងឆ្នាំ ២០១០ ត្រូវបានជ្រើសរើស ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ។
នេះនឹងជាតួនាទីលើកទី២របស់ Garry Conille នៅក្នុងការងារសំខាន់នៃរដ្ឋាភិបាលរបស់ប្រទេសហៃទី។ លោក ត្រូវបានបោះឆ្នោតឲ្យចូលបម្រើការងារ នៅចុងឆ្នាំ ២០១១ ដោយសភារបស់ប្រទេសហៃទី បន្ទាប់ពីមានការជាប់គាំងនយោបាយរយៈពេល ៥ខែ។ ប៉ុន្តែបន្ទាប់ពីភាពតានតឹងជាមួយប្រធានាធិបតីនៅពេលនោះ គឺ លោក Michel Martelly លោក Conille ត្រូវបានបង្ខំឲ្យលាលែងពីតំណែង។
បន្ទាប់ពីការចាកចេញរបស់ខ្លួនពីនយោបាយដ៏ស្មុកស្មាញរបស់ប្រទេសហៃទី លោក Conille ជាគ្រូពេទ្យជំនាញខាងរោគស្ត្រីដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសហៃទី បានទៅធ្វើការជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីលីបេរីយ៉ា លោក Ellen Johnson Sirleaf ក្នុងតួនាទីជាសហប្រធាននៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍។ នៅខែមករា ឆ្នាំ ២០២៣ លោកត្រូវបានតែងតាំងជានាយកប្រចាំតំបន់របស់អង្គការយូនីសេហ្វ ( UNICEF) សម្រាប់អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបដែលមានមូលដ្ឋាន នៅប្រទេសប៉ាណាម៉ា។