
នគរបាលបារាំងបានចាប់ខ្លួនមនុស្ស ១៥នាក់ ពីបទជួញដូរគ្រឿងញៀន នៅក្បែរៗភូមិរបស់អត្តពលិក ដែលសាងសង់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នាពេលខាងមុខ នៅភាគខាងជើងទីក្រុងប៉ារីស។ នេះបើតាមប្រភពពីនគរបាល ដែលបានប្រាប់ឲ្យដឹង នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ។
ប្រភពមួយ ក្នុងចំណោមប្រភពពីនគរបាលទាំងនោះ បានប្រាប់សារព័ត៌មាន AFP ថា ពួកគេបានចាប់ខ្លួន ជនសង្ស័យនៅផ្ទះរបស់ពួកគេ កាលពីព្រឹកថ្ងៃអង្គារ (ទី២៨ ខែឧសភា) ហើយបាននាំខ្លួន ១៤ នាក់យកទៅឃុំខ្លួន។ ប្រភពដដែលបានបន្តថា នគរបាល និងមន្ត្រីគយ រឹបអូសបានកញ្ឆាស្ងួត និងដុំកញ្ឆាក្រោមទម្ងន់ ១០គីឡូក្រាម ប្រាក់ ២០.០០០អឺរ៉ូ (២១.៧០០ដុល្លារ) និងទូរស័ព្ទដៃ ៤៨គ្រឿង។
ប្រភពនគរបាលមួយផ្សេងទៀត បានប្រាប់ថា ប្រតិបត្តិការនៅជិតភូមិអូឡាំពិក បានកំណត់គោលដៅលើការដោះដូរគ្រឿងញៀនមួយ ដែលនគរបាល បាន និងកំពុងពិនិត្យតាមដាន ក្នុងរយៈពេលមុនដល់ការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នគរបាលបានបង្កើនប្រតិបត្តិការ នៅតំបន់ Seine-Saint-Denis ដែលជាទីតាំងរបស់ភូមិ សម្រាប់អត្តពលិក៕