
រដ្ឋាភិបាលស៊ុយអែត នៅថ្ងៃពុធ (ទី២៩ ឃែឧសភា) បាននិយាយថា ប្រទេសស៊ុយអែតនឹងផ្ដល់យន្តហោះស៊ើបការរ៉ាដា និងបញ្ជាចំនួន ២គ្រឿងដល់អ៊ុយក្រែន ដើម្បីលើកកម្ពស់សមត្ថភាពការពាររបស់ប្រទេសនេះ ក្នុងសង្គ្រាមជាមួយរុស្ស៊ី ដោយនេះជាផ្នែកនៃកញ្ចប់ជំនួយដ៏ធំបំផុតរបស់ខ្លួន សម្រាប់អ៊ុយក្រែន ដែលរហូតមកដល់ពេលនេះមានតម្លៃប្រហែល ១៣,៣ពាន់លានក្រូណាស៊ុយអែត (១,៣ពាន់លានដុល្លារ)។
ស៊ុយអែតបាននិយាយថា យន្តហោះ Saab Airborne Surveillance & Control (ASC) 890 អាចឲ្យកំណត់អត្តសញ្ញាណគោលដៅរយៈចម្ងាយឆ្ងាយបានកាន់តែងាយស្រួល ហើយនឹងជួយជាជំនួយដល់អ៊ុយក្រែនជាមួយនឹងការគ្រោងទុកនូវការប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលត្រូវបានផ្ដល់ឲ្យដោយប្រទេសលោកខាងលិចផ្សេងទៀត។
រដ្ឋមន្ត្រីការពារជាតិ លោក Pal Jonson បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Stockholm ថា «ពួកគេនឹងបំពេញបន្ថែម និងពង្រឹងដល់ប្រព័ន្ធរបស់យន្តហោះចម្បាំង F-16»។
កងទ័ពអាកាសរបស់អ៊ុយក្រែន ដែលពឹងផ្អែកលើយន្តហោះចាស់ៗសម័យសូវៀត ចង់បានយន្តហោះ F-16 ដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ខ្លួន ចំពេលមានការវាយប្រហារតាមអាកាសជាប្រចាំរបស់រុស្ស៊ី និងដើម្បីគាំទ្រដល់ការប្រឆាំងនឹងយន្តហោះចម្បាំងទំនើបៗរបស់រុស្ស៊ី។
រដ្ឋាភិបាលស៊ុយអែតបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនសរុបចំនួន ៧៥ពាន់លានក្រូណាស៊ុយអែត (៧,១ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ។ លោក Jonson បាននិយាយថាឥឡូវនេះស៊ុយអែត នឹងបង្កើនល្បឿនការបញ្ជាទិញយន្តហោះ S 106 Global Eye ដើម្បីជំនួសយន្តហោះដែលត្រូវបានបរិច្ចាគនេះ៕