
ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) និងសមភាគីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានចូលរួមកិច្ចប្រជុំទ្វេភាគី និងពិធីចុះហត្ថលេខា នាថ្ងៃពុធ (ទី២៩ ខែឧសភា) នៅទីក្រុងប៉េកាំង ពោលគឺមានរយៈពេលមួយថ្ងៃមុនវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់។
ក្នុងជំនួបនោះ លោក ស៊ី បាននិយាយថា លោកសង្ឃឹមថា នឹងពង្រឹងបន្ថែមទៀតនូវ «ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព» សម្រាប់ទំនាក់ទំនងចិន-អេហ្ស៊ីប។
មន្ត្រីនៃភាគីទាំង២ បានចុះហត្ថលេខាលើឯកសារមួយចំនួន ដោយបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាការវិនិយោគសេដ្ឋកិច្ច នវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន ហើយនិងការអភិវឌ្ឍខ្សែក្រវាត់ និងផ្លូវជាដើម។
លោក Sisi ត្រូវបានគេរំពឹងថា នឹងចូលរួមវេទិកាកិច្ចសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) ហើយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នឹងមានរយៈពេលរហូតដល់ថ្ងៃទី១ ខែមិថុនា។ នេះបើយោងតាមក្រសួងការបរទេសចិន៕