
អាជ្ញាធរបារាំង នៅថ្ងៃពុធ (ទី២៩ ខែឧសភា) នេះ បាននិយាយថា ខ្លួនបានដកបម្រាម នៅដែនដី New Caledonia (នូវ៉ែល កាលេដូនី) ជុំវិញការប្រើប្រាស់បណ្ដាញសង្គម TikTok ដែលពួកគេសង្ស័យថា បានបង្កឲ្យមានចលាចល នាពេលថ្មីៗនេះ នៅក្នុងទឹកដីប៉ាស៊ីហ្វិករបស់បារាំងមួយនេះ។
គណៈកម្មាការជាន់ខ្ពស់ ដែលជាតំណាងដ៏ធំបំផុតបស់បារាំង នៅដែនដីនូវ៉ែល កាលេដូនី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះបានកើតឡើងបន្ទាប់ពីការដាក់រដ្ឋក្នុងគ្រាអាសន្ន នៅដែនដីនូវ៉ែល កាលេដូនី បានបញ្ចប់ កាលថ្ងៃអង្គារ (ទី២៨ ខែឧសភា)។
គួរបញ្ជាក់ថា រដ្ឋាភិបាលជឿថា កម្មវិធីនេះត្រូវបានប្រើប្រាស់ដោយអ្នកដែលប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង ដើម្បីទាក់ទងគ្នា និងរៀបចំការតវ៉ាដោយហិង្សា។ ហើយមានការសង្ស័យផងដែរថា ប្រទេសបរទេស ក្នុងនោះរួមទាំងប្រទេសចិន និងអាស៊ែបៃហ្សង់ផងដែរ អាចនឹងប្រើបណ្ដាញសង្គម TikTok នេះ ដើម្បីជ្រៀតជ្រែកកិច្ចការរបស់ដែនដីនូវ៉ែល កាលេដូនី។
តែទោះជាយ៉ាងណាក្ដី មូលដ្ឋានច្បាប់សម្រាប់ការហាមប្រាមដែលមិនធ្លាប់មានពីមុនមកនោះ គឺជាចម្ងល់។ នេះបើយោងតាមមេធាវីជាច្រើន ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន AFP៕