បាល់បោះ៖ ក្រុមបាល់បោះសហរដ្ឋអាមេរិកបានយកឈ្នះម្ចាស់ជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រដើម្បីឈ្នះមេដាយមាសអូឡាំពិកជាប្រវត្តិសាស្ត្រ ៧លើកជាប់គ្នា។ ក្នុងចំណោមកីឡាការិនីអាមេរិកមានកីឡាការិនី Sue Bird និង Diana Taurasi គឺជាកីឡាការិនីពីរនាក់ដំបូងដែលឈ្នះមេដាយមាសអូឡាំពិក ៥លើក។

ជ័យជំនះនេះដែរមានន័យថា ក្រុមបាល់បោះអាមេរិកឈ្នះនៅអូឡាំពិកសរុប ៥៥ប្រកួតជាប់គ្នាដោយបរាជ័យចុងក្រោយបំផុត គឺនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអូឡាំពិកឆ្នាំ១៩៩២។ ជប៉ុនដែលទទួលបានមេដាយប្រាក់នោះគឺជាស្ថិតិល្អបំផុត ខណៈបារាំងបានមេដាយសំរឹទ្ធ។ កីឡាការិនី Brittney Griner របស់ក្រុម Phoenix Mercury រកបាន ៣០ពិន្ទុក្នុងជ័យជំនះរបស់អាមេរិកលើជប៉ុន ៩០-៧៥។

ជ័យជំនះមេដាយមាស ៧លើករបស់ក្រុមស្ត្រីអាមេរិក ក៏ស្មើនឹងស្ថិតិរបស់ក្រុមបុរសដែរដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ៧ព្រឹត្តិការណ៍ជាប់គ្នាពីឆ្នាំ១៩៣៦ ដល់ ១៩៦៨។ ចំណែកក្រុមបុរសអាមេរិកក៏ឈ្នះមេដាយមាសអូឡាំពិកទីក្រុងតូក្យូនេះដែរ ក្រោយយកឈ្នះបារាំង ៨៧-៨២ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងមេដាយមាស ៤លើកជាប់គ្នា។ Kevin Durant ជាថ្មីទៀតគឺជាតួអង្គសំខាន់នៃជ័យជំនះនេះក្រោយរកបាន ២៩ពិន្ទុម្នាក់ឯង៕
អត្ថបទ៖នាង សុភាវុធ