កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ ២៩ ឧសភា ថា ខ្លួនបានគ្រប់គ្រងច្រករបៀងហ្កាហ្សា-អេហ្ស៊ីប ដ៏សំខាន់មួយ ដែលខ្លួនសង្ស័យថាច្រកនេះ បានជួយក្នុងការរត់ពន្ធអាវុធ ខណៈការវាយលុកលើដីប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងទីក្រុងព្រំដែន រ៉ាហ្វា កាន់តែខ្លាំងក្លា។

អ្នកនាំពាក្យយោធាបាននិយាយថា ផ្លូវក្រោមដីប្រហែល ២០ កន្លែង ត្រូវបានរកឃើញនៅក្នុងតំបន់នៃច្រករបៀងនេះ ជាការអះអាងដែលត្រូវបានច្រានចោលដោយអេហ្ស៊ីប ដែលបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់ផ្លូវក្រោមដីនៅក្រោមព្រំដែន ជាច្រកសម្រាប់ការវាយលុកក្រុង រ៉ាហ្វា (Rafah) របស់ខ្លួន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទីពីរនៃកិច្ចពិភាក្សាបន្ទាន់ បន្ទាប់ពីមានការវាយប្រហារកាលពីចុងសប្តាហ៍នេះពីអ៊ីស្រាអែល បណ្ដាលឲ្យមានភ្លើងឆេះជំរំយ៉ាងសន្ធោសន្ធៅ ដែលមន្ត្រីនៅតំបន់ហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្ស៤៥នាក់ និងប្រហែល ២៥០ នាក់រងរបួស។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្ថិតក្នុងចំណោមមេដឹកនាំជាច្រើន ដែលបានរិះគន់អំពើគួរឲ្យស្អប់ខ្ពើម ចំពោះការកាប់សម្លាប់ដ៏បង្ហូរឈាម ដោយទាមទារថា សោកនាដកម្មដ៏រន្ធត់នេះ ត្រូវតែបញ្ឈប់។
ទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក ហ្សាជី ហាណេកប៊ី (Tzachi Hanegbi) បាននិយាយថា សង្រ្គាមនេះ អាចបន្តរហូតដល់ដំណាច់ឆ្នាំនេះ។
ច្រករបៀងដែលបានបម្រើការជាច្រកឆ្លងកាត់រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប ត្រូវគេបារម្ភថា ជាច្រកដឹកជញ្ជូនអាវុធសម្រាប់ក្រុមប្រដាប់អាវុធនៅក្នុងដែនដីនេះ ចាប់តាំងពីការដកទ័ពរបស់អ៊ីស្រាអែលពីហ្កាហ្សាឆ្នាំ ២០០៥៕
