ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃពុធ (២៩ ឧសភា) ថា រុស្ស៊ី នៅតែព្យាយាមរំខានដល់ «កិច្ចប្រជុំកំពូលសន្តិភាព» ពិភពលោកនៅខែក្រោយ ដែលជាកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយជម្លោះជាមួយរុស្ស៊ី ហើយកំពុងដាក់សម្ពាធលើប្រទេសនានាឱ្យនៅឆ្ងាយពីការជួបជុំមួយនេះ។

លោក ហ៊្សេឡិនស្គី ចង់ឱ្យកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅប្រទេសស្វីស បង្កើតបានជាលទ្ធផលដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ី និងជំរុញ «រូបមន្តសន្តិភាព» របស់លោក ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ី និងការស្ដារឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់អ៊ុយក្រែន។
នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា «បណ្ដាប្រទេស និងអង្គការអន្តរជាតិជិត ១០០» ឥឡូវនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង «កិច្ចខិតខំប្រឹងប្រែងជាសកលនេះ» ដើម្បីដោះស្រាយជម្លោះនេះ។ ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះរបស់កិច្ចប្រជុំកំពូលនេះ មិនបានអញ្ជើញរុស្ស៊ីទេ ហើយទីក្រុងមូស្គូ បានច្រានចោលព្រឹត្តិការណ៍នេះថាគ្មានន័យបើមិនមានវត្តមានរបស់ខ្លួន៕

វិមានក្រឹមឡាំង និយាយថា ខ្លួនបានរៀបចំដើម្បីចរចាលើការបញ្ចប់ជម្លោះ ហើយលើកឡើងថានោះជាកិច្ចពិភាក្សាចំណុចចាប់ផ្តើម ដែលបានធ្វើឡើងនៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមកាលឆ្នាំ២០២២ ដែលហាក់ដូចជាជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែក្រុមអ្នកចរចាអ៊ុយក្រែន នៅពេលនោះបានបដិសេធ៕