យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១០ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិក ដែលបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

យោធាកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលសង្ស័យនោះ ត្រូវបានបាញ់ចេញពីតំបន់ ស៊ូណាន (Sunan) ក្បែររដ្ឋធានីព្យុងយ៉ាង របស់ខ្លួននៅម៉ោង ៦:១៤ ព្រឹកនៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយបានហោះប្រហែល ៣៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។
ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបរាជ័យកាលពីថ្ងៃចន្ទ ក្នុងការប៉ុនប៉ងរបស់ខ្លួននៃការដាក់ផ្កាយរណបចារកម្មទីពីរចូលទៅក្នុងគន្លង នៅពេលដែលយានជំរុញដែលទើបនឹងបង្កើតថ្មីបានផ្ទុះនៅក្នុងការហោះហើរ។ បន្ទាប់ពីបរាជ័យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ។

នៅថ្ងៃព្រហស្បតិ៍ដដែលនេះ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង មួយរូបបានថ្កោលទោសសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) ដែលថាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀតដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកគឺប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
