ប្រមុខការពារជាតិអាមេរិក និងចិន គ្រោងរៀបចំកិច្ចចរចាដោយផ្ទាល់ដ៏កម្រនៅក្នុងប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ដោយផ្តល់ក្តីសង្ឃឹមនៃការសន្ទនាផ្នែកយោធាបន្ថែមទៀតក្នុងគោលបំណងទប់ស្កាត់ការផ្ទុះជម្លោះដែលមិនអាចគ្រប់គ្រង។

កិច្ចប្រជុំដែលរំពឹងទុករវាងរដ្ឋមន្ត្រីការជាតិអាមេរិក លោក Lloyd Austin និងលោក ទុង ជុន (Dong Jun)របស់ចិននៅឯកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) នឹងក្លាយជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ ក្នុងរយៈពេល១៨ ខែចុងក្រោយនេះ។

វេទិកាសន្តិសុខនេះ គឺជាការជួបជុំប្រចាំឆ្នាំរបស់ប្រមុខការពារជាតិមកពីជុំវិញពិភពលោក ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាឧបករណ៍សម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
ជំនួបនៅឆ្នាំនេះ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ៣១ ឧសភា សប្ដាហ៍នេះ នឹងកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ និងបានព្រមានពីសង្គ្រាមលើកោះនេះ។
ជម្លោះជុំវិញកោះតៃវ៉ាន់ គាំទ្រដោយប្រជាធិបតេយ្យ និងសហរដ្ឋអាមេរិក ដែលចិនបានប្ដេជ្ញាថានឹងនាំមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាជម្លោះដ៏ធំបំផុតជាបន្តបន្ទាប់រវាងមហាអំណាចពិភពលោកទាំងពីរនេះ។
ទីក្រុងប៉េកាំង ក៏ខឹងសម្បារចំពោះទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ជាពិសេសជាមួយហ្វីលីពីន អំឡុងមានភាពតានតឹងខ្លាំងនៅសមុទ្រចិនខាងត្បូង៕
