ចៅក្រមនៅក្នុងការកាត់ក្តីនៃសំណុំរឿងប្រាក់បំបិទមាត់របស់លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចប់ថ្ងៃដំបូងរបស់ពួកគេនៃការជំនុំជម្រះបិទទ្វារកាលពីថ្ងៃពុធ (២៩ ឧសភា) ដោយមិនបានឈានដល់សាលក្រម ដែលនឹងសម្រេចជោគវាសនារបស់អតីតប្រធានាធិបតីអាមេរិកតែមួយគត់ ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

ចៅក្រមកាត់ក្ដីទាំង ១២ រូប និងចៅក្រមឆ្លាស់វេនចំនួន ៦ រូបទៀតត្រូវត្រលប់ទៅតុលាការក្រុងញូវយ៉ក (New York) វិញនៅព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីថ្លឹងថ្លែងភស្តុតាង និងសក្ខីកម្មសាក្សីដែលពួកគេបានឃើញ និងបានស្តាប់ក្នុងរយៈពេលប្រាំសប្តាហ៍នៃការកាត់ក្តីនេះ។ គេមិនទាន់ដឹងច្បាស់ទេថា តើពេលណាចៅក្រមអាចឈានដល់ការប្រកាសសាលក្រម។

លោក ត្រាំ វ័យ ៧៧ ឆ្នាំត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លារនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដើម្បីបំបិទមាត់តារាភាពយន្តអាសអាភៀស នាង ស្តមមី ដានីញែលស៍ (Stormy Daniels) ដែលបានចោទប្រកាន់ថាពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ប៉ុន្តែលោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោស ហើយបដិសេធទំនាក់ទំនងនោះ។
សាលក្រមណាមួយក្នុងបណ្ដឹងនេះទាមទារឱ្យមានការឯកភាពជាឯកច្ឆន្ទដោយចៅក្រមទាំង ១២ រូប។ ចៅក្រមនឹងប្រកាសពីដំណើរការកាត់ក្ដីដោយខុសឆ្គង ប្រសិនបើពួកគេមិនអាចដោះស្រាយភាពខ្វែងគំនិតរបស់ខ្លួនបាន៕
