ភ្នំពេញ៖ កញ្ញា វិរះ ស្រីកា ប្រថុយធ្វើដំណើរតែម្នាក់ឯងជាមួយលុយត្រឹមតែ១០ម៉ឺនរៀល ប៉ុណ្ណោះ តាំងពីខេត្តកំពង់ចាម ដើម្បីចូលរៀនជំនាញបច្ចេកទេសនៅភ្នំពេញ បានក្លាយជាបុគ្គលិកកិច្ចសន្យា នៅវិទ្យាស្ថានល្បីមួយក្នុងរាជធានីភ្នំពេញ ក្រោយពីបានបញ្ចប់ជំនាញបច្ចេកទេសផលិតនំ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា«NPIC»។

កញ្ញា វិរះ ស្រីកា ដែលជាអ្នកកើតក្នុងគ្រួសារក្រីក្រមកពីខេត្តកំពង់ចាម ទទួលបានឱកាសការងារពីវិទ្យាស្ថាន NPIC ទាំងអំឡុងពេលសិក្សាជំនាញ និងក្រោយបញ្ចប់វគ្គសិក្សា។ ខណៈបច្ចុប្បន្ន ស្រីកា ក្លាយជាបុគ្គលិកកិច្ចសន្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ផ្ទាល់តែម្ដង ដោយទទួលបានប្រាក់បៀវត្សន៍សមរម្យសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងជីវភាពគ្រួសារ ថែមទៀតផង។
បន្ថែមពីនេះ កញ្ញា ស្រីកា បានគូសបញ្ជាក់មូលហេតុដែលធ្វើឲ្យកញ្ញាសុខចិត្តប្រថុយធ្វើដំណើរមករាជធានីភ្នំពេញ តែម្នាក់ឯង ទាំងដែលខ្លួនមិនស្គាល់អ្នកណាម្នាក់សោះ គឺដោយសារកញ្ញាយល់ឃើញថាការមានជំនាញមួយច្បាស់លាស់ពិតជាមានសារសំខាន់សម្រាប់ជីវិតកញ្ញាផ្ទាល់ ដែលនឹងធ្វើឲ្យជីវិតរបស់កញ្ញាកាន់តែប្រសើរឡើង៕





