អាហ្វហ្គានីស្ថាន៖ សមាជិកក្រុមប្រឹក្សាខេត្តម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសបានបំផ្លាញគ្លីនិកសុខភាព និងវិទ្យាល័យមួយក្នុងទីក្រុងនៃខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិបានបញ្ជាក់ថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងនៅផ្នែកខ្លះនៃទីក្រុងឡាសកាហ្គា (Lashkar Gah)។ សេចក្ដីថ្លែងការណ៍ខាងលើនិយាយថា កងកម្លាំងរដ្ឋាភិបាលបានដាក់គោលដៅលើទីតាំងរបស់ពួកតាលីបង់ ដោយសម្លាប់អ្នកប្រយុទ្ធចំនួន ៥៤នាក់ និង ២៣នាក់ផ្សេងទៀតរបួស។ ប្រភពដដែលនោះពុំបាននិយាយពីគ្លីនិក ឬសាលារៀនដែលត្រូវបានបំផ្ទុះគ្រាប់បែកនោះទេ។ លោក Majid Akhund សមាជិកក្រុមប្រឹក្សាខេត្ត Helmand បាននិយាយថា ការវាយប្រហារតាមអាកាសបានវាយប្រហារទៅលើគ្លីនិកសុខភាព និងសាលារៀនមួយនៅក្នុងទីក្រុងកាលពីល្ងាចថ្ងៃសៅរ៍។ ប៉ុន្តែលោកបាននិយាយថា តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដូច្នេះការស្លាប់ និងរបួសណាមួយអាចត្រូវបានបណ្ដាលមក ពីកងកម្លាំងរបស់ពួកតាលីបង់។
ខណៈពួកតាលីបង់បង្កើនការវាយប្រហារលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងកងទ័ពរដ្ឋាភិបាលបានសងសឹកដោយការវាយប្រហារតាមអាកាស ជួយជ្រោមជ្រែងដោយសហរដ្ឋអាមេរិក។ ការប្រយុទ្ធគ្នានេះ បានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិល។ មន្ត្រីម្នាក់មកពីនាយកដ្ឋានសុខភាពសាធារណៈខេត្ត Helmand បាននិយាយថា គិលានុបដ្ឋាកម្នាក់បានស្លាប់ នៅពេលការវាយប្រហារតាមអាកាសបានវាយប្រហារគ្លីនិកសុខភាព ហើយសន្តិសុខម្នាក់បានរងរបួស៕
អត្ថបទ៖ សុខមាន