សហរដ្ឋអាមេរិក បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា អ៊ីស្រាអែល ត្រូវតែធ្វើអ្វីបន្ថែមទៀត ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយគួរតែ ដកចេញនូវរបាំងទាំងអស់ចំពោះលំហូរជំនួយតាមរយៈច្រកឆ្លងកាត់ និងផ្លូវទាំងអស់ ដែលចូលទៅក្នុងតំបន់ហ៊ុមពព័ទ្ធមួយនេះ។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ រូប ថា គំរូដែលនៅបន្តនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល បណ្តាលមកពីឧបទ្ទវហេតុ ដូចជាការវាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបំផ្លាញដល់គោលដៅយុទ្ធសាស្ត្រ របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា បានបង្កឱ្យមានអគ្គិភ័យ នៅក្នុងជំរំតង់មួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់។ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយពុំមានបំណងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលឡើយ។ ប្រទេសអាល់ហ្សេរី កាលពីថ្ងៃអង្គារ បានដាក់ពង្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបង្គាប់ឱ្យអ៊ីស្រាអែល «បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនជាបន្ទាន់» នៅទីក្រុងRafah។ កាលពីថ្ងៃពុធ លោក Wood បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលសេចក្តីសម្រេចនេះឡើងវិញ ប៉ុន្តែចំណាត់ការរបស់អង្គការសហប្រជាជាតិ មិនទំនងជាមានប្រយោជន៍ ឬផ្លាស់ប្តូរស្ថានភាព នៅលើដែនដី នោះបានទេ។

សេចក្តីព្រាងឯកសារនេះ ក៏បានលើកឡើងពីការចេញសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីថ្ងៃទី២៤ ខែឧសភា ដែលបានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុង Rafah ជាការចេញសេចក្តីសម្រេចបន្ទាន់ដ៏សំខាន់ នៅក្នុងសំណុំរឿងនាំមកដោយប្រទេសអាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។
អង្គការសហប្រជាជាតិបាននិយាយថា ការទទួលបានជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ត្រូវបានកំណត់យ៉ាងតឹងតែង ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួនចូលទៅក្នុងទីក្រុង Rafah កាលពីបីសប្តាហ៍មុន ដោយគ្រោះទុរ្ភិក្ស កំពុងខិតជិតមកដល់ នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលមានប្រជាជន ២,៣លាននាក់ មួយនេះ។