យោងតាមទីភ្នាក់ងារសារព័ត៌មាន ម៉េ (Mehr) បានឲ្យដឹងថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ កាលពីថ្ងៃពុធ ទី២៩ ឧសភា សប្ដាហ៍នេះ បានចេញផ្សាយរបាយការណ៍ទីពីរស្តីពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រឆក់យកជីវិតរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi)និងក្រុមការងាររបស់លោក។

របាយការណ៍នោះបាននិយាយថា ការកើតឡើងនៃការផ្ទុះបណ្ដាលឲ្យខូចម៉ាស៊ីន ក្នុងអំឡុងពេលហោះហើរ និងមួយនាទីមុនពេលឧទ្ធម្ភាគចក្រធ្លាក់លើភ្នំត្រូវបានគេច្រានចោល។

របាយការណ៍ដដែលនេះ ក៏បាននិយាយផងដែរថា ពុំមានសញ្ញាបង្ហាញពីបញ្ហាគ្រឿងអេឡិចត្រូនិចត្រូវបានគេរកឃើញនៅលើឧទ្ធម្ភាគចក្រនោះទេ ។
របាយការណ៍បញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុសម្រាប់ការហោះហើរពីអាកាសយានដ្ឋាន តាប្រ៊ីស(Tabriz) ទៅកាន់គោលដៅទីមួយ និងទីពីរ គឺស្ពាន អាប៊ែន (Aghband Bridge) និងទំនប់វារីអគ្គិសនី គីស កាល់ស៊ី (Qiz Qalasi Dam)គឺសមរម្យសម្រាប់គោលការណ៍ហោះហើរ (VFR) រហូតដល់ម៉ោង៨:៥០នាទីព្រឹក នេះបើយោងតាមរបាយការណ៍អាកាសធាតុដែលទទួលបានពីអង្គការឧតុនិយមនៅថ្ងៃទី ខែឧសភា ឆ្នាំ២០២៤ របស់ប្រទេសអ៊ីរ៉ង់ ។ ទោះយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបន្ថែមគឺត្រូវការជាចាំបាច់ទាក់ទងនឹងលក្ខខណ្ឌអាកាសធាតុអំឡុងពេលហោះហើរត្រឡប់មកវិញ ដោយផ្អែកលើឯកសារ និងសេចក្តីថ្លែងការណ៍ចុងក្រោយពីអាកាសយានិក និងអ្នកដំណើរនៃឧទ្ធម្ភាគចក្រពីរគ្រឿងផ្សេងទៀត។
លើសពីនេះ ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើឯកសារភាគច្រើនទាក់ទងនឹងការថែទាំឧទ្ធម្ភាគចក្រ ហើយមិនបានរកឃើញបញ្ហាដែលអាចនាំឲ្យមានឧបទ្ទវហេតុនេះទេ។
គួររម្លឹកថា លោកប្រធានាធិបតីរ៉េស៊ី និងរដ្ឋមន្ត្រីការបរទេស រួមទាំងមន្ត្រីមួយចំនួន បានទទួលមរណភាពកាលពីថ្ងៃទី១៩ឧសភា ថ្មីនេះ ក្រោយធ្លាក់ឧទ្ធម្ភាចក្រក្នុងតំបន់ភ្នំភាគខាងជើងប្រទេស៕
