ម៉ារ៉ាតុង៖ អត្តពលិកកេនយ៉ា Eliud Kipchoge បានការពារមេដាយមាសអូឡាំពិករបស់ខ្លួនបានសំរេច ក្រោយដណ្តើមបានមេដាយមាសវិញ្ញាសារត់ម៉ារ៉ាតុងនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានមកដល់ទីព្រ័ត្រប្រើពេល ២ម៉ោង ៨នាទី ៣៨វិនាទី តាមពីក្រោយដោយអត្តពលិកហូឡង់ Abdi Nageeye បានមេដាយប្រាក់មកដល់ទីព្រ័ត្រយឺតជាង ១នាទី ២០វិនាទី ខណៈមេដាយសំរឹទ្ធបានទៅអត្តពលិកប៊ែលហ្ស៊ិក Bashir Abdi។ Eliud Kipchoge ត្រូវបានគេស្គាល់ថា ជាអត្តពលិករត់ម៉ារ៉ាតុងកំពូលមួយរូបនៅលើលោក បានក្លាយជាអត្តពលិកទី១ ដែលអាចការពារមេដាយមាសអូឡាំពិកម៉ារ៉ាតុង បានសំរេចរាប់ពីឆ្នាំ១៩៨០។
ជ័យជំនះនៅទីក្រុងតូក្យូនេះក៏ជាមេដាយទី៤ ផងដែរសំរាប់ Eliud Kipchoge ដោយក្រៅពីឈ្នះមេដាយមាស ២ផ្ទួនៗនៅប្រេស៊ីល និងជប៉ុននេះ Kipchoge ក៏ធ្លាប់ឈ្នះមេដាយសំរឹទ្ធវិញ្ញាសារត់ ៥០០០ម៉ែត្រនៅទីក្រុងអាតែនប្រទេសក្រិកឆ្នាំ២០០៤ និងមេដាយប្រាក់រត់ ៥០០០ម៉ែត្រនៅទីក្រុងប៉េកាំងប្រទេសចិនឆ្នាំ២០០៨៕
អត្ថបទ៖នាង សុភាវុធ