របាយការណ៍ចំនួនពីរ ដែលវាយតម្លៃជម្លោះបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០ឧសភានេះ ថា របបយោធាដែលកំពុងក្ដោបអំណាចរបស់សហភាពមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីដ៏ធំ រួមទាំង ការចូលទៅកាន់ព្រំដែនអន្តរជាតិជាច្រើនរបស់ខ្លួន ដែលបើកផ្លូវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចពង្រីក និងពង្រឹងតំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។

ប្រទេស ដែលមានប្រជាជនចំនួន ៥៥លាននាក់ នៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក នៅពេលយោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ពានរង្វាន់ណូបែល ដែលបង្កឱ្យមានការតវ៉ាដ៏កក្រើកទូទាំងប្រទេសនេះ និងមនុស្សជាច្រើនបានស្លាប់ក្នុងការបង្ក្រាបដោយហិង្សា។

បាតុកម្មតាមដងផ្លូវ ដែលត្រូវបានពើបប្រទះនឹងការបង្ក្រាបដ៏ឃោរឃៅ បានក្លាយជាចលនាតស៊ូប្រដាប់អាវុធ ដែលបានរួមកម្លាំងគ្នាជាមួយកងទ័ពឧទ្ទាមជនជាតិភាគតិចជាច្រើនរបស់មីយ៉ាន់ម៉ា ដើម្បីទប់ទល់យោធាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
យោងតាមក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) បានឱ្យដឹងថា របបសឹកពុំបានគ្រប់គ្រងមីយ៉ាន់ម៉ាប្រកបដោយប្រសិទ្ធភាពទេ ដោយបានបាត់បង់សិទ្ធិអំណាចទាំងស្រុងលើទីប្រជុំជននានាដែលគ្របដណ្តប់ ៨៦% នៃទឹកដីរបស់ប្រទេសនេះ ដែលជាទីជម្រក សម្រាប់៦៧% នៃចំនួនប្រជាជន។
អ្នកនាំពាក្យរបបយោធាមួយរូប ពុំបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីសារព័ត៌មាន Reuters ដែលព្យាយាមសុំអត្ថាធិប្បាយនោះទេ៕
