ប្រទេសស៊ុយអែត បានប្រកាសផ្តល់ជំនួយយោធាបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនបី ដើម្បីបង្កើនការគាំទ្រសម្រាប់ការប្រយុទ្ធប្រឆាំងរុស្ស៊ី។ ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ បានប្រកាសកញ្ចប់ថវិកាចំនួន ១,១៦ពាន់លានអឺរ៉ូ ឬប្រហែល ១,២៥ ពាន់លានដុល្លារ ដើម្បីជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។ ចំនួនទឹកប្រាក់នេះ គឺជាការរួមចំណែកច្រើនបំផុត មិនធ្លាប់មានរបស់ប្រទេសស៊ុយអែត ដល់ប្រទេសអ៊ុយក្រែន។

លោក Zelenskyy បានបញ្ជាក់ថា កញ្ចប់ជំនួយ ដែលរួមមានយន្តហោះឈ្លបយកការណ៍របស់កងទ័ពអាកាស និងយន្តយោះត្រួតពិនិត្យ នឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាបានសន្តិភាពនិងសន្តិសុខរយៈពេលវែង នៅទ្វីបអឺរ៉ុបផងដែរ។
លោក Zelenskyy បានស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ និងបែលហ្ស៊ិក។ លោកបានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក ក្នុងអំឡុងពេលដែលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។
អ៊ុយក្រែន បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត នៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេសG7នៅប្រទេសអ៊ីតាលី នៅពាក់កណ្តាលខែមិថុនា និងសន្និសីទអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែនដែលស្នើឡើងដោយលោក Zelenskyy ដែលគ្រោងនឹងធ្វើនៅប្រទេសស្វីស។
ទន្ទឹមនឹងនេះ រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធកាលពីសប្តាហ៍មុន ដោយក្លែងប្រដូចការពិតដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា អ្នកតំណាងប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ ជាពិសេសប្រទេសតូចៗនៅអឺរ៉ុប គួរតែដឹងពីអ្វីដែលពួកគេកំពុងលេងជាមួយ។