យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធ (២៩ ឧសភា) ដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ (IGAD) ដែលជាប្លុកនៅអាហ្វ្រិកខាងកើត បានឱ្យដឹងថា ប្រជាជនប្រហែល ៧៤,៩ លាននាក់នៅក្នុងតំបន់ញកអាហ្រ្វិកដ៏ធំល្វឹងល្វើយ កំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងយ៉ាងខ្លាំង និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។

ស្ថាប័នទាំងពីរនេះបាននិយាយថា ក្នុងចំណោមតួលេខនោះ មានមនុស្សចំនួន ៤៦,៨ លាននាក់មកពីប្រទេសចំនួនប្រាំពីរក្នុងចំណោមរដ្ឋសមាជិកនៃប្លុកអាជ្ញាធរអន្តររដ្ឋាភិបាល IGAD ដូចជា ជីប៊ូទី កេនយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង តង់ហ្សានី សូដង់ និងអ៊ូហ្កង់ដា។ ដែលនៅសល់គឺនៅប្រទេសប៊ូរុនឌី សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

របាយការណ៍នេះបានសង្កេតឃើញថា ស្ថានភាពអាហារូបត្ថម្ភនៅទូទាំងតំបន់នៅតែគួរឱ្យព្រួយបារម្ភ ដែលភាគច្រើនបណ្តាលមកពីជម្លោះ ការផ្លាស់ទីលំនៅ អសន្តិសុខស្បៀង ជំងឺឆ្លង ទឹកមិនស្អាត និងលក្ខខណ្ឌអនាម័យមិនសមស្រប។
របាយការណ៍នោះបានបន្ថែមថា ក្រៅពីវិបត្តិស្បៀងអាហារ តំបន់ញកអាហ្រ្វិកនេះក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងជំងឺជាច្រើនផងដែរ ដោយសារលក្ខខណ្ឌសើមជាងធម្មតា ដែលត្រូវបានសង្កេតឃើញលើផ្នែកភាគច្រើននៃតំបន់ ដោយបង្កើនហានិភ័យនៃជំងឺដែលឆ្លងតាមរយៈទឹក ដោយសារតែគ្រោះទឹកជំនន់៕
