នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងអះអាងថា សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងចិន ដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ គឺបានធ្វើឲ្យកងទ័ពប្រទេសទាំងពីរទទួលបាននូវការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាកាន់តែជិតស្និតបន្ថែម រួមចំណែកដល់កិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចេរភាពក្នុងតំបន់ និងសកលលោក។

ថ្លែងនៅក្នុងឱកាសបិទសមុទ្ធនាគមាសឆ្នំា២០២៤រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំ ដោះប្រជាជនចិន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា សមយុទ្ធនាគមាស ដែលបានប្រព្រឹត្តទៅលើប្រធានបទប្រឆាំងភេរវកម្ម និងសង្រ្គោះមនុស្សធម៌រវាងកងទ័ពនៃប្រទេសកម្ពុជា និងចិននាពេលនេះបានបង្ហាញថា«កងទ័ពទាំងពីរបាន ពង្រឹងនូវស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អប្រសើរ បង្កើនការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ សម្រាប់ការឆ្លើយតបការគំរាមកំហែង សន្តិសុខគ្រប់បែបយ៉ាង នាំមកនូវផលប្រយោជន៍សុភមង្គលដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ រួមវិភាគទានដល់ការគាំទ្រគាំពារ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក»។

នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ បានដំណើរការទទួលបានជោគជ័យនាពេលនេះគឺវាបានកើតចេញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា-ចិន) ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងលើកកម្ពស់ជាបន្តបន្ទាប់ សម្រាប់បម្រើឲ្យកិច្ចសបហប្រតិបត្តិការទំនាក់ទំ នងការទូតយោធា ក៏ដូចជាអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក ហើយកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរថែមទាំងបានពង្រឹង និងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈការណ៍នេះបានឆ្លុះ បញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។ មួយវិញទៀតសមយុទ្ធដែលបានធ្វើនាពេលនេះ គឺបានរៀបចំឡើងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុន ៗ ដោយបានអនុវត្តជាក់ស្តែង និបានប្រើប្រាស់ទាំងយុទ្ធោបករណ៍ បរិក្ខា បច្ចេកវិទ្យាទំនើប ដូចជា ដ្រូនគ្មានមនុស្សបើក សុនខយន្ត ដែលទាំងនេះបានលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងកងទ័ពជំនាញ បានរៀនសូត្រដកពិសោធន៍ ពង្រឹងសាមគ្គីគ្នាកាន់តែស្និទ្ធស្នាលបន្ថែមមួយកម្រិតទៀត លើជំនាញប្រតិបត្តិការប្រឆាំងលើភេរវកម្មរួមគ្នា និងការសង្រ្គោះមនុស្សធម៌ជាដើម។

ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលចុង ក្រោយនេះទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំង កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងកងទ័ពប្រទេសទាំងពីរត្រូវបានពង្រីក និងពង្រឹងកាន់តែស៊ីជម្រោងលើ គ្រប់វិស័យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ជឿជាក់គ្នាយោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឲ្យគ្នាលើមូលដ្ឋានឈ្នះ ឈ្នះតាមសន្តិសហវិជ្ជមាន ដែលមិនអាចបំបែកបំបាក់ បាននោះឡើយ៕ អត្ថបទ៖ បាន ចក់





