ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម ដើម្បីថែរក្សាសុខសន្តិភាពដែលធានាដល់ការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិកម្ពុជាតទៅមុខទៀត។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះទេ ប៉ុន្ដែសង្គ្រាមបានកើតមានឡើងដោយសារផ្នត់គំនិត និងមនោគមវិជ្ជាដែលបានបំពាក់បំប៉នទៅលើមនុស្ស។ ជាក់ស្តែងកាលពីជំនាន់ខ្មែររបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារតែមនោគមវិជ្ជាជ្រុលនិយមរបស់ពួកខ្មែរក្រហម ទើបធ្វើឱ្យកូនហ៊ានរាយការណ៍ចាប់ឱពុកម្តាយ និងសម្លាប់ឪពុកម្ដាយរបស់ខ្លួនឯង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបន្ថែមថា ដូច្នេះដើម្បីរក្សា សុខសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ដែលខិតខំស្វែងរកបានយ៉ាងលំបាកក្នុងរយៈពេលជាង ៤០ មកនេះ គឺប្រជាពលរដ្ឋទាំងគ្នាត្រូវរួមគ្នាលុបបំបាត់ និងទប់ស្កាត់នូវមនោគមវិជ្ជាខ្មៅកខ្វក់ ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ជាពិសេសពីក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស ដែលពួកគេនៅតែមានចេតនាបំផ្លាញសុខសន្ដិភាពរបស់កម្ពុជា។
សូមជម្រាបថា គិតត្រឹមខែឧសភាឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានដឹកនាំរាជរដ្ឋាភិបាលថ្មីមានអាយុកាលបាន ៩ ខែហើយ។ ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាលបានរក្សាបាននូវសុខសន្តិភាព ដែលជាកត្តាចម្បងជាងគេបំផុតសម្រាប់ការអភិវឌ្ឍប្រទេស និងថែមទាំងពូនជ្រុំឱ្យកាន់តែរឹងមាំឡើងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃនូវសុខសន្ដិភាពរបស់កម្ពុជា៕អត្ថបទ៖វ៉ន ដារ៉ា