ប្រទេសប៉ាពួនូវ៉ែលហ្គីណេ នៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះ បានលើកឡើងពីការរំពឹងទុករបស់ខ្លួន ដែលថាមិនអាចស្វែងរកឃើញអ្នករស់រានមានជីវិតនៅក្នុងបំណាក់ដីដ៏ធំនោះទេ ដោយចំនួនពិតប្រាកដនៃអ្នកស្លាប់នៅក្រោមគំនរបាក់បែក និងល្បប់ភក់ដ៏ក្រាស់ឃ្មឹកនោះនៅតែមិនទាន់ដឹងនៅឡើយ ប៉ុន្តែមានចាប់ពីរាប់រយ ទៅរាប់ពាន់នាក់។

គ្រឿងបរិក្ខារធុនធ្ងន់ និងឧបករណ៍ជំនួយបានយឺតយ៉ាវក្នុងការមកដល់ ដោយសារសណ្ឋានដីដ៏លំបាកនៃតំបន់ភ្នំនេះ ការខូចខាតផ្លូវស្ពាន និងចលាចលកុលសម្ព័ន្ធក្នុងតំបន់។ ក្រុមមន្ត្រីនៅតែព្យាយាមកំណត់ថា តើមានមនុស្សប៉ុន្មាននាក់ត្រូវបានកប់ស្លាប់នៅក្រោមបំណែកភ្នំ ដែលបានបាក់រលំទៅលើភូមិ យ៉ាមបាលី (Yambali) ក្នុងខេត្ត អែនហ្កា (Enga) ប្រហែលម៉ោង ៣ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ក្នុងពេលបច្ចុប្បន្ន តួលេខអ្នកស្លាប់ចុងក្រោយដែលគួរឱ្យទុកចិត្តគឺចំនួនប្រហែល ២០០០ នាក់ ខណៈមន្ត្រីកំពុងពឹងផ្អែកលើកំណត់ត្រាមិនពេញលេញ និងការត្រួតពិនិត្យជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីឈានដល់ការប៉ាន់ស្មានលើចំនួនអ្នកស្លាប់សរុបពិតប្រាកដ។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា មនុស្សជាង ២.០០០ នាក់អាចត្រូវបានកប់ស្លាប់ទាំងរស់នៅក្រោមបំណាក់ដីនោះ ប៉ុន្តែការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ គឺមានចំនួនអ្នកស្លាប់ប្រហែល ៦៧០ នាក់ ខណៈដែលអ្នកក្នុងស្រុកបានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកស្លាប់មានប្រហែល ១៦០ នាក់ប៉ុណ្ណោះ។ អ្នកស្រុករាប់ពាន់នាក់កំពុងស្ថិតក្រោមបញ្ជាជម្លៀសបន្ទាន់ ក្នុងករណីដែលមានបំណាក់ដីបន្ថែមទៀត៕