បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម តាមរយៈប្រព័ន្ធវីដេអូ ក្រោយអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ចំពោះការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ខេត្តមានមណ្ឌលចត្តាឡីស័កសរុបចំនួន ២០មណ្ឌល នៅតាមបណ្តាក្រុងស្រុកទាំង១៤ និងមានអ្នកចូលធ្វើចត្តាឡីស័កសរុបចំនួន ៣៧ ៦៥០នាក់ បញ្ចប់ចំនួន ៣៥ ៧៤៥នាក់ និងសល់កំពុងធ្វើចត្តាឡីស័កសរុប ១ ៩០៥នាក់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «ជាមួយគ្នានោះរដ្ឋបាលខេត្តបានរៀបចំផែនការត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀមនៅក្រុមគ្រូពេទ្យសម្រាប់ការធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទDelta»។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្តែងមានពលករចំនួន ១១នាក់ បានលួចឆ្លងដែនចូលក្នុងភូមិសាស្ត្រខេត្ត តែត្រូវបានសមត្ថកិច្ចសហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជួនទៅប្រទេសថៃវិញ។
ឯកឧត្ដម ងួន រតនៈ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបងបិទខ្ទប់រយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរដែលជាប់គាំងនៅទល់ដែនសរុប ២៤៥នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់)។
សូមរំលឹកថា មកដល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានអ្នកឆ្លងសរុបចំនួន៤ ០៩៣នាក់ (ពលករមានចំនួន៧៦៤នាក់) និងព្យាបាលជាសះស្បើយចំនួន ២ ៥១៥នាក់ និងស្លាប់ចំនួន៤៨ នាក់ ដោយឡែកករណីឆ្លងកូវីដ១៩ ប្រភេទដែលតា(Delta) ចំនួន ១៣ ករណី (ដែលមានតែលើពលករដែលបានត្រឡប់មកពីប្រទេសថៃប៉ុណ្ណោះ និងបច្ចុប្បន្នបានជាសះស្បើយចំនួន៤នាក់)៕
អត្ថបទ ៖ នឿត សុភ័ក្ត្រ


