ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា អង្គការកំពុងប្រឈមមុខទៅនឹងការកង្វះការផ្តល់មូលនិធិដើម្បីដោះស្រាយតម្រូវការមនុស្សធម៌របស់ជនភៀសខ្លួនស៊ូដង់ នៅក្នុងប្រទេសឆាដ។ អង្គការ UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាជនស៊ូដង់ជិត ១៨៥.០០០នាក់ បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ ហើយបន្តរង់ចាំការផ្លាស់ប្តូរទីតាំងថ្មីពីតំបន់ព្រំដែនដ៏គ្រោះថ្នាក់ ជាពិសេសនៅក្នុងទីក្រុងព្រំដែន Adre នៅប្រទេសអាហ្វ្រិកកណ្តាល។

ភ្លៀងលើកដំបូងបានចាប់ផ្តើមធ្លាក់នៅក្នុងទីក្រុង Adre ។ វាគឺជាដំណឹងដែលត្រូវបានរំពឹងទុក ប៉ុន្តែជាដំណឹងនៃការបំផ្លិចបំផ្លាញ ខណៈជនភៀសខ្លួនស៊ូដង់រាប់ម៉ឺននាក់ នៅតែពុំទាន់មានទីជម្រកសមរម្យដើម្បីការពារខ្លួនក្នុងពេលរដូវវស្សាចូលមកដល់។

នៅក្នុងប្រទេសឆាដ ភ្លៀងតែងតែនាំមកនូវគ្រោះទឹកជំនន់ដ៏មហន្តរាយ ធ្វើឱ្យផ្លូវមិនអាចធ្វើដំណើរបាន និងកំណត់ដំណើរការចូលនៃជំនួយមនុស្សធម៌។ សេចក្តីថ្លែងការណ៍ បានដកស្រង់សម្តីរបស់លោកស្រី Laura Lo Castro តំណាងអង្គការ UNHCR ប្រចាំប្រទេសឆាដ ដោយបញ្ជាក់ថា ថវិកាចំនួន ១៧ លានដុល្លារបន្ថែមទៀតគឺត្រូវការចាំបាច់បន្ទាន់ដើម្បីផ្លាស់ប្តូរទីតាំង និងផ្តល់ទីជម្រកដល់ជនភៀសខ្លួន ៥០.០០០ នាក់ នៅក្នុងតំបន់។
លោកស្រី Castro និយាយថា យើងសូមអំពាវនាវដល់សប្បុរសជននៃម្ចាស់ជំនួយរបស់យើង ដើម្បីជួយដល់ភាពនៅខ្វះចន្លោះសំខាន់បំផុត ដើម្បីការពារ និងសង្គ្រោះជីវិតជនភៀសខ្លួន។
ចាប់តាំងពីខែមេសាឆ្នាំ ២០២៣មក ជម្លោះនៅស៊ូដង់ បានបង្ខំមនុស្សជិត ៦០០.០០០ នាក់ឱ្យភៀសខ្លួនទៅកាន់ប្រទេសឆាដ។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ជាសរុប អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន ត្រូវការថវិកាចំនួន ៦៣០,២ លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ប្រជាជនស៊ូដង់ ដែលឆ្លងកាត់ព្រំដែន ប៉ុន្តែមានតែ៦ភាគរយប៉ុណ្ណោះ ដែលទទួលបាន រហូតមកដល់ពេលនេះ។