រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន កំពុងជួយឲ្យមានស្ថិរភាពនៅសមរភូមិជួរ មុខ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីផ្តល់ការការពារដែនអាកាសបន្ថែមទៀត ដល់អ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីឃីស៊ីណាវ ( Chisinau)របស់ប្រទេសម៉ុលដាវី លោក ប៊ីលនខិន បាននិយាយថា ការគាំទ្រសម្រាប់អ៊ុយក្រែន ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងច្បាស់ថា លោកមិនអាចយកឈ្នះអ៊ុយក្រែនបានទេ។
ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានទៅដល់ទីក្រុងឃីស៊ីណាវ កាលពីព្រឹកថ្ងៃពុធ ជាទីដែលឈប់ដំបូងក្នុងដំណើររយៈពេលខ្លីនៅអឺរ៉ុប ក្នុងគោលបំណងពង្រឹងការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន នៅទូទាំងសម្ព័ន្ធមិត្តណាតូ និងប្រទេសជិតខាង។
ប្រទេសអ៊ុយក្រែន បាននិងកំពុងព្យាយាមទប់ទល់នឹងការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ី នៅភាគខាងកើត ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការអនុញ្ញាតឲ្យទីក្រុងគីវ ប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅខាងក្នុងរុស្ស៊ី អាចបង្កឲ្យមានជម្លោះជាសកល។
លោក ប្ល៊ីនខិន បាននិយាយថា រុស្ស៊ីបានទាញយកប្រយោជន៍ពីការពន្យារពេល ក្នុងការបញ្ជូនកញ្ចប់សព្វាវុធចំនួន ៦១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ថា សព្វាវុធឥឡូវនេះ កំពុងស្វែងរកផ្លូវរបស់ពួកវា ទៅកាន់សមរភូមិ និងធ្វើឲ្យមានការផ្លាស់ប្តូរជាក់ជាមិនខាន។
