ប្រមុខការបរទេសរបស់កោះតៃវ៉ាន់ លោក លីន ជែរឡុង (Lin Chia-lung) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះថា ប្រទេសចិន កំពុងព្យាយាម «លុបបំបាត់ដោយសន្សឹមៗ» នូវដែនអាកាសរបស់កោះតៃវ៉ាន់ និងបង្កើតភាពធម្មតាថ្មីមួយជាមួយនឹងសមយុទ្ធយោធារបស់ខ្លួន និងសកម្មភាពផ្សេងទៀត ដើម្បីដាក់សម្ពាធលើកោះនេះ ដែលជាបញ្ហាសម្រាប់ការព្រួយបារម្ភជាសកល។

ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃជុំវិញកោះនេះកាលពីសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។

ខណៈពេលដែលសមយុទ្ធទាំងនោះបានបញ្ចប់ជាផ្លូវការ សកម្មភាពយោធារបស់ចិនមិនបានបញ្ឈប់នោះទេ ដោយកោះតៃវ៉ាន់ បានរាយការណ៍ថាកាលពីថ្ងៃពុធថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។
ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការរិះគន់របស់ខ្លួនអំពីលោក ឡៃ ជាអ្នកគាំទ្រដ៏គ្រោះថ្នាក់នៃឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ និងបានគំរាមកំហែងបន្តសកម្មភាពយោធា៕
