បាល់ទាត់៖ គ្រូបង្វឹក AS Roma លោក Jose Mourinho ត្រូវបានបណ្តេញចេញក្នុងការប្រកួតមិត្តភាពដែល Roma ចាញ់នៅទឹកដី Real Betis ៥-២។

ក្រុមម្ចាស់ផ្ទះ Betis បាននាំមុខ ៣-២ ត្រឹមនាទីទី៥៧ តែកីឡាកររបស់ Roma បានបង្កជំលោះជាមួយ Alex Moreno មុនពេលដែល Lorenzo Pellegrini ទទួលបានកាតលឿងទី២ បណ្តេញចេញពីការប្រកួត ស្របពេលដែល Jose Mourinho ក៏ត្រូវបានបណ្តេញចេញដែរ ក្រោយប្រតិកម្មតវ៉ានឹងអាជ្ញាកណ្តាល។ កីឡាករ Gianluca Mancini និង Rick Karsdorp ក្រោយមកក៏ទទួលបានកាតលឿងទី២ ដែរ មុនពេលដែល Cristian Tello និង Roberto Gonzalez រកបានម្នាក់ ១គ្រាប់ទៀតឱ្យ Real Betis យកឈ្នះ Roma ដែលនៅសល់គ្នាតែ ៨នាក់លទ្ធផល ៥-២។
Real Betis នឹងត្រូវចាប់ផ្តើមរដូវកាលថ្មី La Liga នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះនៅទឹកដី Real Mallorca។ ចំណែក AS Roma នៅសល់ការប្រកួតមិត្តភាព ១ប្រកួតទៀតជួបជាមួយក្រុមម៉ារ៉ុក Raja Casablanca នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដែរ មុនពេលប្រកួត Europa Conference League វគ្គ Play-Off ថ្ងៃទី១៩ ខែសីហា ខណៈរដូវកាលថ្មីក្របខណ្ឌអ៊ីតាលី Serie A នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហានេះដោយ Roma ត្រូវទៅទឹកដី Fiorentina៕
អត្ថបទ៖នាង សុភាវុធ