ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន០៩នាក់ ត្រូវបាននគរបាលខណ្ឌ៧មករា ធ្វើការបង្ហាញមុខ បន្ទាប់ពីបង្ក្រាបបាន ក្នុងរង្វង់ការចុះរដ្ឋបាលរបស់គណះបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ នៅតំបន់បុរីកីឡា ។
សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញមុខ ក្រុមជនសង្ស័យជាមុខសញ្ញាក្មេងទំនើងបង្កសកម្មភាពកាប់ចាក់គ្នាយ៉ាងសកម្ម ក្នុងទឹកដីខេត្តកណ្តាល ប៉ុន្តែក្រុមនេះបាននាំគ្នារត់មកជ្រកកោនក្នុងខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់ BTV ឱ្យដឹងថា ៖ ក្រុមក្មេងទំនើងទាំង០៩នាក់នេះ មិនទាន់បានធ្វើសកម្មភាពកាប់ចាក់ ឬអុកឡុកក្នុងរាជធានីភ្នំពេញ ពិសេសមូលដ្ឋានក្នុងខណ្ឌ៧មករានៅឡើយនោះទេ ដោយគ្រាន់តែពួកគេបានព្យាយាមរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចស្រុកលើកដែក ក្រោយការធ្វើសកម្មភាពបង្កហិង្សាកាប់ចាក់គ្នាជាច្រើនករណីរួចមក ។ លោកអធិការ បន្តថា ៖ ក្រុមនេះ ត្រូវបានឃាត់នៅពេលចុះរដ្ឋបាលនៅតំបន់អាគារបុរីកីឡា ដោយពួកគេបានទៅពួនសំងំលាក់ខ្លួននៅទីនោះ ដោយក្នុងចំណោម០៩នាក់នេះ មាន០៦នាក់មានផ្ទុកសារធាតុញៀន។ លោកបន្ថែមថា សកម្មភាពបង្ក្រាបនេះ ក៏ជាការឆ្លើយតបទៅនឹងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយវាក៏ឋិតក្នុងដែនសមត្ថកិច្ចទំនួលខុសត្រូវរបស់សមត្ថកិច្ចផងដែរ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ក្រោយការបង្ហាញមុខរួចរាល់ហើយនោះ ក្រុមក្មេងទំនើងទាំង០៩នាក់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចស្រុកលើកដែក ដែលបានចុះមកទទួលយកដោយផ្ទាល់ពីនគរបាលខណ្ឌ៧មករា ក្នុងការបន្តនាំខ្លួនពួកគេយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះបទល្មើស និងអំពើហិង្សាដែលពួកគេបានប្រព្រឹត្តិ គឺស្ថិតក្នុងស្រុកលើកដែក ទឹកដីខេត្តកណ្តាល ។
តាមការឱ្យដឹងបន្ថែមពីសមត្ថកិច្ចស្រុកលើកដែក បញ្ជាក់ថា ៖ ក្រុមនេះមានឈ្មោះថា ក្រុម KV ដែលជាក្រុមធំមួយមានបក្សពួកសេនារីយូជាច្រើននៅតាមតំបន់មួយចំនួន ដែលតែងធ្វើសកម្មភាពបង្កហិង្សាដោយការកាប់ចាក់គ្នាជាច្រើនករណីកន្លងមកហើយ នៅក្នុងទឹកដីស្រុកលើកដែរ ។ ក្រុមនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានមួយចំនួនហើយ ហើយសមត្ថកិច្ចក៏កំពុងបន្តប្រតិបត្តិការរបស់ខ្លួន ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកគេបន្តទៀតផងដែរ ៕
អត្ថបទ ៖ លីហេង






