ដោយទទួលបានការគាំទ្រ និងអនុញ្ញាតពីសហព័ន្ធកីឡាកាបាឌីពិភពលោក ក្រោមកិច្ចសហការជាមួយអង្គភាពកីឡាក្រសួងមហាផ្ទៃ ក្រុមកាងារកីឡាកាបាឌីកម្ពុជា បានសម្រេចទទួលរៀបចំការប្រកួតកីឡាកាបាឌីពានរង្វាន់ពិភពលោក World Cup Kabaddi ឆ្នាំ២០២៤ នាខែសីហាខាងមុខ ដោយមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ១៨ប្រទេសចូលរួម។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារកីឡាកាបាឌីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួត World Cup Kabaddi នៅ វ័នផាក មជ្ឈមណ្ឌលទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះក៏មានការចូលរួមជាសក្ខីភាពពីលោក S.T. Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោកផងដែរ។

កីឡាកាបាឌី គឺជាប្រភេទកីឡាប្រពៃណីដ៏ចំណាស់មួយរបស់ប្រទេសឥណ្ឌា ដែលដើមកំណើតជាង ៥ពាន់ឆ្នាំមុន ។ ចំពោះរបៀបលេងកីឡានេះ គឺស្រដៀងនឹងល្បែងប្រជាប្រិយកម្ពុជា ១ប្រភេទ ដែលប្រជាពលរដ្ឋ ពិសេសក្មេងៗ និងយុវជននិយមលេងតាមជនបទ ដែលគេឲ្យឈ្មោះ «ល្បែងអ៊ូ ឬលេងអ៊ូ» ។ ដោយពិនិត្យសើរៗលើទម្រង់នៃការលេងនេះ ថ្នាក់ដឹកនាំកីឡាកាបាឌីកម្ពុជា បានសន្និដ្ឋានដោយប្រហែលៗថា ប្រភេទកីឡាទាំងពីរ ក៏ទំនាក់ទំនងនឹងគ្នា ដូចទំនាក់ទំនងប្រពៃណី វប្បធម៌ រវាងកម្ពុជា និងឥណ្ឌាដែរ ។

ឯកឧត្តម ជិន សំណាង បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី ក្នុងការនាំយកកីឡាកាបាឌីមកកាន់ប្រទេសកម្ពុជា ។ ទោះបីមិនទាន់រៀបចំមហាសន្និបាតបង្កើតជាសហព័ន្ធផ្លូវការ តែដោយសារមរតកស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាកាបាឌីពិភពលោក ចាប់អារម្មណ៍ និងអនុញ្ញាតឲ្យកម្ពុជា រៀបចំការប្រកួតពានរង្វាន់ World Cup Kabaddi 2024 ចាប់ពីថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ ។
ប្រធានក្រុមការងារកីឡាកាបាឌីកម្ពុជាដដែលបន្ដថា នេះគឺជាការចាប់ផ្ដើម តែមិនមែនជាការបញ្ចប់នោះទេ ពោលគឺក្រោយរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ ក្រុមការងារខ្លួននឹងព្យាយាមអភិវឌ្ឍន៍បន្ថែម ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការប្រកួតអន្ដរជាតិផ្សេងៗនាថ្ងៃអនាគត ដូចប្រភេទកីឡាដទៃទៀតដែរ។

ទន្ទឹមជាមួយគ្នា ក្នុងនាមដៃគូសហការរៀបចំក្រុមកីឡាករ-កីឡាការិនី ត្រៀមការប្រកួត World Cup Kabaddi នាខែសីហាខាងមុខ ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្ដែងការគាំទ្រពេញ ចំពោះការនាំយកប្រភេទកីឡាប្រពៃណីមួយរបស់ប្រទេសឥណ្ឌា មកកាន់ទឹកដីកម្ពុជា ដើម្បីផ្ដល់លទ្ធភាពឲ្យយុវជនបានលេងកីឡាថ្មីមួយទៀត ហើយក៏ជាការបំផុសនូវការលេង «ល្បែងអ៊ូ» របស់ខ្មែរ ដែលមានរបៀបរបបលេងស្រដៀងគ្នាផងដែរ ។

តាមការបញ្ជាក់របស់លោក Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក បានឲ្យដឹងថា ការប្រកួត World Cup Kabaddi 2024 នៅកម្ពុជា នឹងមានអត្តពលិកយ៉ាងហោច ១៨ប្រទេស មកពី ៥ទ្វីប ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ចូលរួម ។ ក្នុងនាមសហព័ន្ធពិភពលោក លោកបានប្ដេជ្ញាផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ពិសេសលើការងារបច្ចេកទេស ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យបានរលូន និងជោគជ័យ ដូចកាលស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ ៕ អត្ថបទ លី ឈុនឡា

