ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរម្លឹក និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ដែលត្រៀមចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ នៅវៀតណាម និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅឥណ្ឌូនេស៊ី នាខែមិថុនាខាងមុខ ត្រូវមានមហិច្ឆតាខ្ពស់ ក្នុងការប្រជែងមេដាយជូនជាតិ។
ការក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ប្រតិភូកីឡាសិស្ស និងនិស្សិតទាំងអស់ ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ ២ផ្សេងគ្នា នាខែក្រោយ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ និងជាប្រធានប្រតិភូដឹកនាំផ្ទាល់ ឯកឧត្តម កែ ប៊ុនខៀង បានចាត់ទុកបេសកកម្មនាពេលឆាប់ៗខាងមុខ គឺជាមោទនភាពដ៏ធំធេងមួយ ក្នុងនាមប្រតិភូ និងអត្តពលិកតំណាងជាតិ។ តាមរយៈនេះ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវមានសង្ឃឹម និងជឿជាក់ថា ការចូលរួមប្រកួតនេះ គឺដើម្បីដណ្ដើមនូវអ្វីដែលខ្លួនចង់បាន ។ ទោះបីកីឡាលេង ដើម្បីសុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព តែការដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ ក៏ជារឿងសំខាន់ ដែលត្រូវខំប្រឹងទាំងអស់គ្នាផងដែរ ។
ជាមួយគ្នាដែរ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានដាស់តឿនដល់កីឡាករ-កីឡាការិនីគ្រប់រូប ត្រូវប្រកាន់ភ្ជាប់ឲ្យបានដាច់ខាតនូវវិន័យ ក្រមសីលធម៌ និងសុជីវធម៌ ទាំងនៅកន្លែងស្នាក់នៅ ពេលធ្វើដំណើរ ក៏ដូចជាកន្លែងប្រកួត ក្នុងមានជាអត្តពលិកតំណាងប្រទេសកម្ពុជា ពិសេសត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ។ នេះគឺជាផ្នែកមួយដ៏សំខាន់ បន្ថែមលើការប្រកួតប្រជែង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងសិស្ស-និស្សិត នៃបណ្ដាប្រទេសនីមួយៗ ស្របតាមគោលបំណងរួមរបស់អាស៊ាន ដែលរៀបចំព្រឹត្តិការណ៍នេះឡើង ។
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស-និសិ្សត កម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ នឹងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ដោយកម្ពុជា បានសម្រេចបញ្ជូនប្រតិភូកីឡាចំនួន ៤០នាក់ លើ ៤ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម, ហែលទឹក, វ៉ូវីណាម និងកីឡាវាយសី ដែលដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង ជាប្រធានប្រតិភូ ។
ចំណែកការប្រកួតកីឡានិសិ្សតសាកលវិទ្យាល័យអាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី ដោយកម្ពុជាសម្រេចបញ្ជូនប្រតិភូកីឡាសរុប ៤៥នាក់ចូលរួម លើ ៦ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, ហែលទឹក, ប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ និងកីឡាយូដូ ៕ អត្ថបទ លី ឈុនឡា







