ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានប្រកាសតែងតាំងអ្នកចាត់ការថ្មីអតីតអ្នកចាត់ការ Bayern Munich លោក Hansi Flick ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ។
លោក Hansi Flick ដែលត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែកញ្ញាឆ្នាំ ២០២៣ បានមកបន្តតំណែងលោគ Xavi Hernandez ដែលត្រូវបានបណ្តេញចេញពី Barcelona សប្តាហ៍មុន។
ការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់របស់លោក Hansi Flick គឺបន្ទាប់ពីអាជីពដ៏ជោគជ័យដឹកនាំ Bayern Munich លើកពានបីក្នុងមួយរដូវកាលនៅឆ្នាំ ២០២០ រួមមាន Bundesliga, German Cup និង UEFA Champions League។
ខ្សែប្រយុទ្ធ Barcelona បច្ចុប្បន្ន Robert Lewandowski ក៏ធ្លាប់ជាកីឡាកររបស់ Bayern Munich ក្រោមការដឹកនាំរបស់ Hansi Flick ផងដែរ។
ការមកដល់របស់ Hansi Flick នៅ Barcelona គឺបន្ទាប់ពីរឿងចម្រូងចម្រាសមួយខែពេញរវាងក្លិប និងអ្នកចាត់ការ Xavi Hernandez ជាមួយប្រធានក្លិប Joan Laporta។
Xavi ដែលកាលពីដើមឆ្នាំបានប្រកាសពីការចាកចេញនៅដំណាច់រដូវកាលនោះ បានផ្លាស់ប្តូរចិត្តវិញបន្តដឹកនាំក្រុមមួយរដូវកាលទៀតកាលពីខែមេសា។
យ៉ាងណាក្តីថ្មីៗ ចុងក្រោយបំផុតបែជាត្រូវបានក្លិបបញ្ចប់តំណែង ខណៈបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា អ្នកចាត់ការបន្ទាប់របស់ Barcelona នឹងរងការឈឺចាប់។
រំលឹកថា Xavi Hernandez បានមកកាន់ Barcelona ជាអ្នកចាត់ការដឹកនាំក្រុមឈ្នះជើងឯក La Liga និង Spanish Super Cup ក្នុងរដូវកាលដំបូង តែរដូវកាលនេះមិនមានពានអ្វីទាំងអស់ និងចាញ់ក្រុមលេខមួយ Real Madrid ដល់ទៅ ១០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

