
មន្ត្រីអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើពហិការមិនចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) ចំពោះប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីដើមខែឧសភានេះ។
គួរបញ្ជាក់ថា មហាសន្និបាត UN ដែលមានសមាជិកចំនួន ១៩៣ប្រទេស ជាប្រពៃណីតែងតែជួបប្រជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់មេដឹកនាំពិភពលោករូបណាម្នាក់ ដែលទទួលមរណភាព ក្នុងពេលកាន់តំណែងជាប្រមុខរដ្ឋ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះនឹងបង្ហាញនូវសុន្ទរកថាអំពីលោក Raisi។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងនឹងមិនចូលរួមព្រឹត្តិការណ៍នេះ ទោះក្នុងតួនាទីណាមួយ»។ ការធ្វើពហិការរបស់សហរដ្ឋអាមេរិកនេះ មិនត្រូវបានគេរាយការណ៍ពីមុនមកទេ។
បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំ UN នៅទីក្រុងញូវយ៉ក បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ សូមបញ្ជាក់បន្ថែមថា ក្នុងនាមជាបុគ្គលរឹងរូសម្នាក់ លោក Raisi ដែលត្រូវបានគេមើលឃើញថា អាចជាអ្នកស្នងតំណែងរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ ដោយសារអាកាសធាតុមិនល្អ នៅលើភ្នំក្បែរព្រំដែនប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៩ ខែឧសភា។
មន្ត្រីអាមេរិករូបនោះបាននិយាយថា៖ «អង្គការសហប្រជាជាតិគួរតែឈរជាមួយប្រជាជនអ៊ីរ៉ង់ មិនមែនទៅរំលឹកដល់អ្នកជិះជាន់រាប់ទសវត្សរ៍លើពួកគេនោះទេ។ លោក Raisi បានជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យខ្លាចរអាជាច្រើន ក្នុងនោះរួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការលើអ្នកទោសនយោបាយរាប់ពាន់នាក់ ក្នុងឆ្នាំ១៩៨៨ ផងដែរ»៕