
ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញមីស៊ីល ដែលបាញ់បង្ហោះដោយរុស្ស៊ីចំនួន ៧គ្រាប់ និងយានដ្រូនចំនួន ៣២គ្រឿង ក្នុងរយៈពេលមួយយប់។ នេះបើតាមមេបញ្ជាការកងទ័ពអាកាសរបស់ប្រទេសនេះ ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ។
នៅលើកម្មវិធីផ្ញើសារ Telegram មន្ត្រីកងទ័ពអាកាសបានឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីល និងយានដ្រូនសរុបចំនួន ៥១គ្រឿង។ មេបញ្ជាការបានប្រាប់ថា កងកម្លាំងរុស្ស៊ីបានវាយប្រហារលើ «ទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ចំណែកអភិបាលក្រុង Kharkov នៅភាគខាងកើតរបស់អ៊ុយក្រែន លោក Ihor Terekhov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទីក្រុងត្រូវរងនូវការបាញ់ផ្លោង កាលពីយប់មិញ ហើយមនុស្ស ៤នាក់ បានរងរបួស។
រីឯអាជ្ញាធរស៊ីវិល និងយោធាផ្សេងទៀត មិនបានរាយការណ៍អំពីការស្លាប់ និងរបួស ឬក៏ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយការវាយប្រហារនោះឡើយ៕