
មន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា យានដ្រូនរបស់អ៊ុយក្រែន មានសមត្ថភាពវាយប្រហារបានចម្ងាយរហូតដល់ ២.៥០០ គីឡូម៉ែត្រ (១.៥៥៣ ម៉ាយ) ចូលទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែរដ្ឋធានីមូស្គូ ត្រូវបានការពារពីការវាយប្រហាររបស់ពួកគេ។
សេចក្តីថ្លែងការណ៍ពីលោក Dmitry Bogdanov ប្រធាននាយកដ្ឋានសង្គ្រាមអេឡិចត្រូនិកនៃកងកម្លាំងអវកាសរុស្ស៊ី ត្រូវបានទទួលដោយទីភ្នាក់ងារព័ត៌មានរដ្ឋTASS ហើយបញ្ជាក់ថា ទឹកដីរុស្ស៊ីដ៏ធំទូលាយមួយនៅជាប់ព្រំដែនអ៊ុយក្រែន គឺងាយរងការវាយប្រហារដែលអាចកើតឡើង។
លោក Bogdanov ត្រូវបានដកស្រង់សម្តីថា៖«សត្រូវ មិននៅស្ងៀមទេ»។
លោក បានប្រាប់សន្និសីទសន្តិសុខមួយថា៖«ឥឡូវនេះ យានអាកាសគ្មានមនុស្សបើក អាចធ្វើដំណើរឆ្លងកាត់ផ្ទៃដីបានចម្ងាយ រហូតដល់ ២.៥០០ គីឡូម៉ែត្រ ហើយតំបន់ជាច្រើន (រុស្ស៊ី)ក៏បានដឹងអំពីបញ្ហានេះដែរ» ។
លោក Bogdanov បានអះអាងថា វិធានការ ត្រូវបានចាត់ឡើង ដើម្បីការពារទីក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ហើយតំបន់ផ្សេងទៀត កំពុងធ្វើការលើការការពាររបស់ពួកគេ។
ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសរុស្ស៊ី បានទទួលរងការវាយប្រហារដោយយានដ្រូនពីអ៊ុយក្រែន ដែលបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេងដ៏សំខាន់ នៅក្នុងក្រុមហ៊ុននាំចេញប្រេងឆៅធំជាងគេទី២ របស់ពិភពលោក និងធ្វើឲ្យទីផ្សារពិភពលោក រង្គោះរង្គើ។