
កងកម្លាំងការពារបាននិយាយថា អ៊ីស្រាអែលកំពុងពិនិត្យមើលកាណុងកាំភ្លើងផ្លោង M61 Vulcan ដើម្បីទប់ទល់នឹងយានដ្រូន ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អាវុធនេះ នឹងត្រូវដាក់នៅលើរថពាសដែក ដែលដាក់ពង្រាយតាមព្រំដែនភាគខាងជើង។
ការដាក់ពង្រាយដ៏សំខាន់នេះ កើតឡើង នៅពេលដែលប្រទេសនេះ ប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់ ដែលបានវាយប្រហារដោយយានដ្រូន និងមីស៊ីល ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីខែមេសា។
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំ Alma ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល បានប៉ាន់ប្រមាណថា ក្រុមហេសបូឡាហ៍ មានយានអាកាសគ្មានមនុស្សបើក (UAVs) ជាង ២.៥០០ គ្រឿង សម្រាប់គោលបំណងផ្សេងៗ ដូចជាការប្រមូលផ្តុំស៊ើបការណ៍ និងការវាយប្រហារជាដើម។ មជ្ឈមណ្ឌលនេះ បន្ថែមថា ការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល បានកើនឡើងពី ៧គ្រឿង នៅក្នុងខែកុម្ភៈដល់ ២៤គ្រឿង នៅក្នុងខែមីនា។
កងកម្លាំងការពារអ៊ីស្រាអែល បានដាក់ប្រព័ន្ធចាប់យានដ្រូនឆ្លងកាត់ព្រំដែនភាគខាងជើង ដើម្បីកែលម្អពេលវេលាឆ្លើយតប និងភាពត្រឹមត្រូវនៃការស្ទាក់ចាប់ ហើយនៅក្នុងបញ្ជាការខាងជើងរបស់យោធា បានបង្កើតអង្គភាពមួយដែលត្រៀមកំណត់គោលដៅលើយានដ្រូន។ ទោះយ៉ាងណាក៏ដោយ ក៏ក្រុមហេសបូឡា អាចបញ្ជូនយានដ្រូន ចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល កាលពីខែឧសភា ដើម្បីវាយប្រហារទីតាំងយោធាបានដែរ។