ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំអភិវឌ្ឍន៍ ដើម្បីធ្វើឲ្យប្រសើរឡើងផ្លូវនៅទីជនបទ ក្នុងការកែប្រែទៅជាផ្លូវក្រាលកៅស៊ូ ផ្លូវចាក់បេតុង និងផ្លូវក្រាលគ្រួសក្រហមជាដើម ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ។
ក្នុងពេលដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃការស្ថាបនាបញ្ចប់ផ្លូវចំនួន៤គម្រោង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នៅខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការអភិវឌ្ឍន៍ផ្លូវ គឺជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដែលជាសសៃរឈាម ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
ឯកឧត្តម បានបន្តថា ចំពោះផ្លូវជនបទនេះ គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសតំបន់ជនបទដាច់ស្រយាល ក្នុងការនាំយកកសិកផលទៅកាន់ទីផ្សារ ក៏ដូចជាការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ បានទាន់ពេលវេលា និងមានសុវត្ថិភាព ។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំនូវសមិទ្ធផលផ្លូវនេះ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង។
គួរបញ្ជាក់ថា សម្រាប់ផ្លូវទាំង៤គម្រោង ដែលក្រុមការងារគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនោះ មានទីគម្រោងទី១. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន២៥កំណាត់ មានប្រវែងសរុប៣ ៥៣០ម៉ែត្រ ស្ថិតនៅឃុំព្រែកដំបង និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល, គម្រោងទី២. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១០ខ្សែ ប្រវែងសរុប ១ ៤៧៧ និងមានការដាក់លូមូល ស្ថិតនៅភូមិស្វាយជ្រុំ ភូមិឡឥដ្ឋ និងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ។
សម្រាប់គម្រោងទី៣. ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយកំណាត់ទី១ ប្រវែង ១ ១០០ម៉ែត្រ ស្ថិតក្នុងភូមិត្បែងខ្ពស់ និងភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងកំណាត់ទី២. ប្រវែង ១ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិចំពារ ឃុំមនោរម្យ ស្រុកខ្ពង ខេត្តកំពង់ស្ពឺ និងគម្រោងទី៤. ការងារជួសជុលផ្លូវក្រាលដីល្បាយត្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ៦៦០ម និងសាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង ស្ថិតនៅឃុំស្វាយជុក ឃុំពាម ឃុំក្រាំងល្វា និងឃុំខ្មីឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕
អត្ថបទ ៖ បាន សុខរិទ្ធិ



















