
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងចាប់ផ្តើមទទួលបានប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីបានជួបការលំបាកផ្នែកនយោបាយអស់រយៈពេលជាង ១ឆ្នាំ ដោយទទួលបានសំឡេងគាំទ្រច្រើនជាងគូប្រជែងដ៏សំខាន់របស់លោក គឺលោក Benny Gantz ជាលើកដំបូង គិតចាប់តាំងពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស បានចាប់ផ្តើមនៅក្នុងខែតុលា។
ការស្ទង់មតិរបស់អង្គភាពសារព័ត៌មាន Channel 12 ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃពុធ (ទី២៩ ខែឧសភា) ក្នុងចំណោមអ្នកបោះឆ្នោត ៥០០នាក់ ដែលតំណាងឲ្យផ្នែកជាច្រើននៃសង្គមអ៊ីស្រាអែល បានសួរសំណួរថា តើនរណាសមធ្វើជានាយករដ្ឋមន្ត្រីជាង?
ការស្ទង់មតិនោះបានរកឃើញថា អ្នកឆ្លើយ ៣៦ភាគរយ បានជ្រើសរើសលោក Netanyahu ហើយ ៣០ភាគរយ គាំទ្រលោក Gantz ។ កម្រិតខុសគ្នា គឺ ៤,៤ភាគរយ។ កាលពីខែមេសា លោក Gantz បាននាំមុខ ក្នុងសំឡេង ៣៥ភាគរយ ទល់នឹង ២៩ភាគរយ។
នៅក្នុងការស្ទង់មតិថ្មីនេះ លោក Netanyahu ក៏នាំមុខមេដឹកនាំប្រឆាំង លោក Yair Lapid ផងដែរ ជាមួយនឹងសំឡេង ៣៧ភាគរយ ទល់នឹង ៣០ភាគរយ ហើយមានសំឡេងគាំទ្រច្រើនជាងអតីតនាយករដ្ឋមន្ត្រី លោក Naftali Bennett ដោយចំនួន ៣៤ ភាគរយ ទល់នឹង ៣២ភាគរយ។
ការរកឃើញនេះ បង្ហាញឲ្យឃើញពីការថយក្រោយរបស់មេដឹកនាំប្រឆាំងអ៊ីស្រាអែល ដែលបាន និងកំពុងព្យាយាមរកវិធី ដើម្បីឲ្យលោក Netanyahu ធា្លក់ចេញពីតំណែង ខណៈដែលជម្លោះ នៅតំបន់ហ្កាហ្សា អូសបន្លាយពេលរាប់ខែមកហើយ។
គ្មានការបោះឆ្នោត ត្រូវបានកំណត់ឡើងនោះឡើយ រហូតដល់ឆ្នាំ២០២៦ ហើយមានភស្តុតាងតិចតួចណាស់ដែលថា សមាជិកគណបក្ស ឬដៃគូចម្រុះរបស់លោក Netanyahu ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាកចោលរូបលោកនោះ។
គួរបញ្ជាក់ថា ការស្ទង់មតិនេះធ្វើឡើង ក្នុងរយៈពេល ២សប្តាហ៍ បន្ទាប់ពីលោក Gantz បានផ្តល់ឱសានវាទដល់លោក Netanyahu ថា បង្ហាញផែនការសម្រាប់តំបន់ហ្កាហ្សា ក្រោយសង្គ្រាម ឬបើមិនដូច្នោះទេ លោកនឹងចាកចេញពីគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមិថុនា៕