
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) បាននិយាយថា អង្គការណាតូដែលមានការរួបរួមគ្នាជាធ្លុងមួយ ទំនងជានឹងរារាំងការឈ្លានពានបានល្អជាងនេះទៀត ខណៈដែលលោកបានជួបសមភាគីសារធារណរដ្ឋឆែក នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃសមាជិកទាំង ៣២ប្រទេសរបស់អង្គការណាតូ នឹងជួបប្រជមគ្នា នៅរដ្ឋធានី Prague ប្រទេសឆែក នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) និងថ្ងៃសុក្រ (ទី៣១ ខែឧសភា) ដើម្បីឈានដល់កិច្ចព្រមព្រៀង នាពេលក្រោយ នៅពេលដែលបណ្ដាមេដឹកនាំរបស់សមាជិកអង្គការណាតូ ជួបប្រជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងខែកក្កដា ដោយផ្តោតលើការគាំទ្រដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងជំហររយៈពេលវែងដែលមានស្ថិរភាពជាងមុន។
ក្នុងជំនួបនោះ លោក Blinken និងរដ្ឋមន្ត្រីការបរទេសឆែក លោក Jan Lipavsky ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានបំភ័ន្ត ដែលលោក Blinken បាននិយាយថា ជា «ថ្នាំពុលដែលត្រូវបានចាក់បញ្ចូលទៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់យើង ពីសំណាក់សត្រូវរបស់យើង»៕