បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) នៅទីបញ្ជាការយោធភូមិភាគទី៥ និងគ្រប់ទីតាំងផ្សេងទៀតក្នុងទិសយោធភូមិភាគទី៥ ក៏បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នេះផងដែរ។
ឯកឧត្តមមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។ ទោះបីជាទទួលបានការវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ។
ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៥ ទាំងអស់សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕





