
នគរបាលបានប្រាប់ឲ្យដឹងថា រថយន្តក្រុង ១គ្រឿង បានរអិលចេញពីផ្លូវភ្នំ ហើយធ្លាក់ចូលទៅក្នុងជ្រលងភ្នំ ក្នុងតំបន់ Jammu ភាគខាងជើងប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍ (ទី៣០ ខែឧសភា) នេះ ដោយឧបទ្ទវហេតុនេះបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់ ស្លាប់ និងជិត ៤០នាក់ របួស។
ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយកិច្ចប្រឹងប្រែងជួយសង្គ្រោះ កំពុងដំណើរការ ដើម្បីយកអ្នកដំណើរដែលរងរបួសជាប់នៅក្នុងរថយន្តក្រុងដែលមានសភាពកំពិតនោះ។
អ្នកនៅរស់ម្នាក់ឈ្មោះ Lalit Kumar បាននិយាយថា៖ «អ្នកបើកបរបាត់បង់ការគ្រប់គ្រងឡាន ហើយឡានក្រុងបានធ្លាក់ចូលជ្រលងភ្នំ«។
ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Akhnoor ខណៈដែលរថយន្តក្រុងមួយនេះដែលដឹកមនុស្សប្រហែល ៦០នាក់ មកពីរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ក្នុងដំណើរធម្មយាត្រាទៅកាន់ទីសក្ការបូជា Shiv Khori Hindu បានធ្លាក់ពីផ្លូវលើភ្នំ។
គួរបញ្ជាក់ដែរ គ្រោះថ្នាក់រថយន្តក្រុងនៅលើផ្លូវភ្នំ គឺជារឿងធម្មតា នៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលបទប្បញ្ញត្តិនៃការបើកបរលើផ្លូវហាយវេ មិនបានអនុវត្តឲ្យបានតឹងរ៉ឹងនោះឡើយ៕


