
លោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៣០ ឧសភា នៅពេលដែលគណៈវិនិច្ឆ័យទីក្រុងញូវយ៉កបានរកឃើញថាលោកមានទោសពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាអាសអាភាសម្នាក់នៅមុនការបោះឆ្នោតឆ្នាំ២០១៦។
បន្ទាប់ពីការជំនំជម្រះទោសអស់រយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូប បានប្រកាសថាខ្លួនបានរកឃើញថាលោក Trump មានទោសលើការចោទប្រកាន់ទាំង ៣៤ ករណី ដែលលោកបានប្រឈម។ ការឯកភាពគ្នា ត្រូវបានទាមទារសម្រាប់ការចេញសាលក្រមណាមួយ។