លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានអំពាវនាវដល់អ្នកនេសាទទាំងអស់ ធ្វើយ៉ាងណាកុំនេសាទ ខុសច្បាប់ ដែលវាបំផ្លិចបំផ្លាញ់ត្រីទាំងតូចទាំងធំនាំឲ្យវិនាសមហន្តរាយ។
ក្នុងនោះដែរសូមកុំប្រើឧបករណ៍ឆក់ត្រី និងដាក់ថ្នាំបំពុល ព្រោះវាបំផ្លាញ់ត្រីឲ្យវិនាស និងអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ជាដើម ។
ជាក់ស្ដែង នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយ មន្ត្រីជលផលនៃនាយកដ្ឋាននីតិកម្ម រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងសហគមន៍នេសាទរកាកណ្តាល បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងរំលាច ស្ថិតក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ដោយកម្លាំងសមត្ថកិច្ចបានរុះរើ បំផ្លាញចោល និងដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដុតបំផ្លាញចោល នៅនឹងកន្លែង និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណជាង ១៥គីឡូក្រាម ។
លោក ម៉ុក ពន្លក បានបន្តថា រដូវនេះ គឺជារដូវបិទនេសាទ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ ដូច្នេះ សូមអ្នកនេសាទទាំងអស់ ធ្វើយ៉ាងណាកុំនេសាទខុសច្បាប់ និងកុំប្រើប្រាស់ ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ។ ជាមួយគ្នានោះ អ្នកនេសាទ អាចនេសាទបានជាលក្ខណៈគ្រួសារ នៅក្រៅតំបន់ការពារអភិរក្សសត្វផ្សោត ដើម្បីការពារធនធានជលផល ជាពិសេស សត្វផ្សោតទន្លេមេគង្គខេត្តក្រចេះឲ្យមាននិរន្តរភាព ឋិតថេរគង់វង្ស ទាំងបច្ចុប្បន្ន និងអនាគត ៕ ដោយ សេង ម័រ





