លោក Donald Trump បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍ ៣០ ឧសភា នៅពេលគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កបានរកឃើញថារូបលោកមានទោសពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាអាសអាភាសម្នាក់ គឺនាង Stormy Daniels នៅមុនការបោះឆ្នោតឆ្នាំ ២០១៦។

លោក Trump វ័យ ៧៧ ឆ្នាំបានបដិសេធ ថាលោកពុំបានធ្វើខុសទេ ហើយគេរំពឹងថា លោកនឹងប្តឹងទៅឧទ្ធរណ៍បន្ថែមទៀត។បន្ទាប់ពីការជំនុំជម្រះក្ដីរយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូប បានប្រកាសថាលោក Trump មានទោសលើសំណុំរឿងចំនួន៣៤ករណី ដែលបានប្រឈម។
លោក Trump បានចោលក្រសែភ្នែកមើលទៅក្រុមចៅក្រមទាំងមិនសប្បាយចិត្ត នៅពេលពួកគេគ្រោងមូលមតិគ្នាបញ្ជាក់ពីសាលក្រមជាឯកច្ឆ័ន្ទ។ចៅក្រម លោក ជូនអាន ម៊ើឈិន (Juan Merchan) បានកំណត់ការផ្ដន្ទាទោសនៅថ្ងៃទី១១ កក្កដា ប៉ុន្មានថ្ងៃមុនគណបក្សសាធារណរដ្ឋត្រូវគេរំពឹងថានឹងតែងតាំងលោក Trump ជាបេក្ខភាពប្រធានាធិបតី មុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ។

លោក Trump ប្រឈមការផ្ទន្ទាទោសជាប់ពន្ធនាគារអតិបរមាចំនួន ៤ ឆ្នាំ ទោះបីជាអ្នកផ្សេងទៀតដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌនោះ ជារឿយៗបានទទួលទម្ងន់ទោសរយៈខ្លីជាងលោកTrump ការផាកពិន័យតិចជាង ឬការព្យួរទោសក៏ដោយ។ ការជាប់ឃុំនឹងមិនរារាំងរូបលោកពីការឃោសនាបោះឆ្នោត ឬចូលកាន់តំណែងនោះទេ ប្រសិនបើលោកឈ្នះឆ្នោត។
យ៉ាងណា អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងមិនជាប់ពន្ធនាគារមុនការកាត់ទោសនោះទេ។លោកម៊ើឈិន បានថ្លែងអំណរគុណដល់គណៈវិនិច្ឆ័យសម្រាប់សេវាកម្មរបស់ពួកគេ ហើយប្រាប់ពួកគេថាពួកគេមានសេរីភាពក្នុងការនិយាយអំពីបទពិសោធន៍របស់ពួកគេនៅក្នុងគណៈវិនិច្ឆ័យ ប្រសិនបើពួកគេចង់បាន។ គ្មាននរណាម្នាក់អាចបញ្ជាឲ្យអ្នកធ្វើអ្វីដែលអ្នកមិនចង់ធ្វើនោះទេ។ ជម្រើសគឺជារបស់អ្នក។
សាលក្រមនេះបានទាញទម្លាក់សហរដ្ឋអាមេរិកចូលទៅក្នុងពិភពអាថ៌កំបាំងនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា នៅពេល លោក Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋព្យាយាមដណ្ដើមកៅអីសេតវិមានមកវិញពីលោកប្រធានាធិបតីប្រជាធិបតេយ្យ Joe Biden៕